ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងទ្រង់ទ្រាយធំជាច្រើននាក់ ចុះត្រួតពិនិត្យការស្នាក់នៅ និងការបំពេញការងាររបស់ជនបរទេស ដោយឃាត់ខ្លួនបានជនជាតិចិនចំនួន១០០នាក់ក្នុងនោះស្រី១៩នាក់ យកមកសាកសួរ ពាក់ព័ន្ធនឹងករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត(voip) និងដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
ករណីចុះឃាត់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខុនដូ អគារ៩៩ ផ្លូវ៣៣៦ កែង៣៧៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ដឹកនាំកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងនគរបាលខណ្ឌទួលគោកផងដែរ។
ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានពិនិត្យឃើញមានជនជាតិចិនចំនួន១០០នាក់ ក្នុងនោះមានស្រី១៩នាក់ជា បានលួចចូលមកស្នាក់នៅខុនដូ អគារ៩៩ សង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត(voip)និងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ ។
បច្ចុប្បន្នជនជាតិចិនប្រុសស្រីទាំង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕ ស តារា