ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងឆក់ត្រីក្នុងត្រពាំងក្រោយផ្ទះភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងនៅក្នុងស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានប្រកាច់ស្លាប់នៅក្នុងទឹកត្រពាំងក្រោយផ្ទះខ្លួនឯងភ្លាមៗ ដោយសារតែតខ្សែភ្លើងទាងកណ្តាលអធ្រាត្រដើម្បីឆក់ត្រី ប៉ុន្តែបែរជាឆក់ស្លាប់ខ្លួនឯងទៅវិញបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។

ហេតុការណ៍បានភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅក្នុងត្រពាំងទឹកខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃរងឿង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់នគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឆែម វិឆៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកសិកររស់នៅក្នុងភូមិព្រៃរងឿង ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

នគរបាលបានស្រង់សម្តីសាច់ញាតិក្រុមគ្រួសារបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងរំលងអធ្រាត្រទៅហើយនោះបុរសរងគ្រោះខាងលើបានតខ្សែភ្លើងពីផ្ទះ ដើម្បីទៅឆក់ត្រី នៅចំណុច ត្រពាំងទឹក ខាងក្រោយផ្ទះចម្ងាយជាង២០ម៉ែត្រ មិនដឹងជាភ្លាត់ស្នៀតយ៉ាងមិចទេ ទើប បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ។

ក្រោយកើតហេតុសាច់ញាតិបានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះទៅពិនិត្យសព បន្ទាប់ពីនគរបាលជំនាញចុះពិនិត្យរួចហើយ មិនឃើញមានស្លាកស្នាមអ្វីក្រៅពីរលាត់ស្នាមខ្សែភ្លើងឆក់នោះឡើយ ហើយចំពោះសាកសពនេះ បងប្អូនក្រុមគ្រួសារសាច់ញាតិបានទទួលស្គាល់ពិតជាបានឆក់ខ្សែភ្លើងស្លាប់ប្រាកដមែន ទើបនគរបាលមូលដ្ឋាន និងជំនាញប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖