ភ្នំពេញ៖រហូតមកទល់ព្រឹកថ្ងៃទី២២ ខែមីនា នេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចបែបណានៅឡើយទេ ជុំវិញសំណុំរឿងនារីម្នាក់បើករថយន្តបុកម៉ូតូកង់បីឥណ្ឌាបណ្តាលឱ្យតារាចម្រៀងម្នាក់ស្លាប់ និង បរទេសម្នាក់ទៀតរបួសធ្ងន់ ពោលគឺកំពុងសាកសួរនៅឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១:៤០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ មួយគ្រឿង មិនមានផ្លាកលេខ បើកបរដោយយុវតីរូបស្រស់ម្នាក់ ទិសដៅពីលិចទៅកើត ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ដែលជិះបោកក្បាលនឹងដែកកង់បីស្លាប់ ។
នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ។
បុរសបរទេសដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។
ស្រ្តីរងគ្រោះឈ្មោះ តាក់ ចន្ធី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះមានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារ យកធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕ ចេស្តា