ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ពុំ​ទាន់​សម្រេច​ ទេ​ ករណី​នារី​ម្នាក់​បើក​រថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ ស្លាប់​តារា​ចម្រៀង​ម្នាក់​

ចែករំលែក៖

ភ្នំពេញ​៖​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា​ នេះ​ លោក​ ខាំ​ សុផារី​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ​ ជុំវិញ​សំណុំរឿង​នារី​ម្នាក់​បើក​រថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​បណ្តាល​ឱ្យ​តារា​ចម្រៀង​ម្នាក់​ស្លាប់​ និង​ បរទេស​ម្នាក់​ទៀត​របួស​ធ្ងន់​ ពោលគឺ​កំពុង​សាកសួរ​នៅ​ឡើយ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១:៤០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៨ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវពីរ​នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ មួយគ្រឿង មិនមាន​ផ្លាក​លេខ បើកបរដោយយុវតីរូបស្រស់ម្នាក់ ទិសដៅពីលិចទៅកើត ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាល​ឱ្យ​ស្ត្រីម្នាក់ដែលជិះបោកក្បាលនឹងដែកកង់បីស្លាប់ ។

នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ។

បុរសបរទេសដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។

ស្រ្តីរងគ្រោះឈ្មោះ តាក់ ចន្ធី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះមានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សព​ឱ្យ​ក្រុមគ្រួសារ យកធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕ ចេស្តា

 


ចែករំលែក៖