ព័ត៌មានទាន់ហេតុការណ៍៖

និស្សិត២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវ ក្នុងទឹកដីខណ្ឌទួលគោក បានសម្រេច និងព្យាយាមរត់គេចខ្លួនត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដេញតាមឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពរួច នៅតាមផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ ចំណុចភ្លើងស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១មានឈ្មោះ ជា សុភិរក្ស អាយុ២១ឆ្នាំ មុខរបរជានិស្សិតសកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២មានឈ្មោះ ខៀវ សុខុមឡាវីត អាយុ ១៨ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ១០ ផ្លូវលំ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ណៅ រាត្រីនិមល អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នាយការិយាល័យបានបញ្ជាក់ទៀតថា ការដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេទាំង២នាក់ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ពីជនរងគ្រោះ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ក្បែរចំណុចមុខដីឡូតិ៍លេខ១០១ ផ្លូវលេខ៥៩២ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានសម្រេច ហើយព្យាយាមរត់គេចខ្លួនមកដល់ត្រង់ចំណុចផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ ភ្លើងស្តុបផ្សារដីហុយ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបាន និងដកហូតបានវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GG-7872 រួមជាមួយទូរសព្ទ័ដៃ១គ្រឿង តែប្រគល់ឲ្យទៅជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ដែលដកហូតត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សាកសួរបន្តនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖