ព័ត៌មានទាន់ហេតុការណ៍៖

យោធាកូឡំប៊ី១០នាក់បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញសុនខហិតមីននៅកម្ពុជាដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីយោធាប្រទេសកូឡំប៊ីចំនួន១០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញសុនខហិតមីននៅកម្ពុជាប្រកបដោយជោគជ័យ ក្រោយពីចំណាយពេល៣សប្តាហ៍សិក្សារៀនសូត្របច្ចេកទេសដោះមីនដោយប្រើសុនកហិតក្លិនយ៉ាងយកចិត្តទុកដាក់ ហើយបានធ្វើពិធីបិទវគ្គហ្វឹកហ្វឺន នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ នាថ្ងៃ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ។

មន្ត្រីយោធាកូឡុំប៊ីទាំង១០រូប ទទួលបានការហ្វឹកហ្វឺនជំនាញសុនខហិតមីន ពីអង្គភាពស៊ីម៉ាក់ នៅតាមកងឯកភាពនានារបស់ស៊ីម៉ាក់ រួមមាននៅខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប និងកំពង់ចាម ដោយមានជំនួយពីអង្គការ JICA របស់ជប៉ុន។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ឲ្យដឹងថា ប្រទេសកូឡុំប៊ីមានសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ មកហើយទោះបីមានការផ្តួចផ្តើមបង្កើតសន្តិភាពជាច្រើនលើកក៏ មិនបានសម្រេចដោយជោគជ័យទេ ហើយទើបតែចុងក្រោយ ឆ្នាំ២០១៦កន្លងទៅនេះ បានបង្កើតកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយទៀតសង្ឃឹមថា នឹងបានសម្រេចជោគជ័យ។ បើរំលឹកពីការកសាងសន្តិភាព យោធាដែលមកហ្វឹកហ្វឺននេះ បានកោតសរសើរយ៉ាងខ្លាំង ចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោសែនដែលធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃត្រូវបានបញ្ចប់ និងមានសន្តិភាពពេញលេញនៅកម្ពុជារហូតដល់សព្វថ្ងៃ ។

លោក ហេង រតនាបញ្ជាក់ថា «ពួកគាត់ចង់បានសន្តិភាពដូចកម្ពុជាណាស់។ ដោយសារប្រទេសគាត់ធំ និងមានប្រជាជនជាង៥០លាននាក់។ គាត់និយាយថា ដំបូងពួកគាត់គិតថា មិនដឹងអាចរៀនសូត្រអ្វីបានពីកម្ពុជា និងស៊ីម៉ាក់នោះទេ ព្រោះជាប្រទេសតូច ប្រជាជនតិច និងទើបចប់សង្គ្រាម។ ផ្ទុយទៅវិញពួកគាត់ថាគាត់ភ្លឺភ្នែកតែម្តង ជាមួយសមត្ថភាពរបស់កម្ពុជា និងសំណូមពរឲ្យបន្តជួយបន្ថែមទៀត»។

លោកហេង រតនាបន្តថា «គម្រោងថ្មីមួយទៀត ដែលរដ្ឋាភិបាលជប៉ុន ជួយទៅកូឡុំប៊ី គឺសុំអង្គភាពស៊ីម៉ាក់ជួយបញ្ជូនកម្លាំង ទៅជួយហ្វឹកហ្វឺននៅប្រទេសកូឡុំប៊ីតែម្តង»។ស៊ីម៉ាក់កំពុងខិតខំបង្កើតមណ្ឌលសុនខជាតិមួយ ដែលសមត្ថភាពលើការប្រើប្រាស់សុនខសម្រាប់កិច្ចការសន្តិសុខ សង្គម និងការបោសសម្អាតសំណល់ជាតិផ្ទុះក្រោយសង្គ្រាម។ស៊ីម៉ាក់មិនត្រឹមជាប្រតិបត្តិករដោះមីននៅកម្ពុជានោះទេ ស៊ីម៉ាក់ដ៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញដោះមីនដ៏ល្បីល្បាញមួយផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញ ជូនបណ្តាយោធា ឬអង្គភាពដោះមីននៃប្រទេសមួយចំនួន៕ ប្រាថ្នា

 


ចែករំលែក៖