ព័ត៌មានទាន់ហេតុការណ៍៖

ឡានម៉ែកសឺដេសបុកឡានហាយឡែនឌ័រពីចំហៀងហើយខ្ទាតទៅប៉ះឡានព្រូស១គ្រឿងទៀតខូចខាតដំណំ

ចែករំលែក៖

ភ្នំពេញ ៖​​ រថយន្តសេរីទំនើប ម៉ែកសឺរដេស មួយគ្រឿង បានបើកទៅបុករថយន្តហាយឡែនឌ័រ ដែលបត់ឆ្លងផ្លូវ ចំពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុករថយន្តព្រូសដែលចតចោលលើចញ្ចើមផ្លូវ រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តហាឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9727 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ47 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ហើយមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងត្រឡប់ក្រោយ ។ ស្របពេលនោះ ក៏មានរថយន្តស៊េរីទំនើប ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9899 ដែលបើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៣នាក់ទៀត ក្នុងរថយន្តជាមួយ ធ្វើដំណើរស្របគ្នាតាមក្រោយយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទាតទៅបុករថយន្តព្រូសគ្មានស្លាកលេខ ដែលចតចោលលើចិញ្ចើមផ្លូវ​រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ និងបង្កឲ្យមានអ្នករងរបួសស្រាលម្នាក់ ។

ក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្តទាំង៣គ្រឿង ​​​​​​មិនបានចរចាគ្នានៃការខូចខាតនោះទេ ដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានទំទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តទាំង៣គ្រឿងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖