ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តម៉ាកព្រុសជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់

ចែករំលែក៖

ភ្នំពេញ:ក្បាលនាគចែកទ្រូងផ្លូវបាក់មួយកង់ ខណៈនារីម្នាក់បើករថយន្តម៉ាកព្រុស ក៏ជ្រុលចង្កូតទៅបុកពេញទំហឹង ចំណែករថយន្តបណ្តាលឲ្យរងការខូចខាតខាងឆ្វេង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ ២១៥ សង្កាត់វាលវង់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-1516 ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតក្បាលនាគអស់មួយកង់ ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តរងការខូចខាតផ្នែកខាងឆ្វេង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យយករថយន្តមកស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖