ខេត្តកំពង់ចាម ៖ ពិតណាស់ល្បែងស៊ីសងងាយនាំមកនូវអំពើហិង្សា លួចឆក់ប្លន់ ដើម្បីអនុវត្តស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព កំលាំងអធិការដ្ឋាននគរបាលស្រុកបាធាយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ បានចុះបង្ក្រាបកន្លែងលេងល្បែងសុីសង(អាប៉ោង)មួយកន្លែង ។
នគរបាលស្រុកបាធាយបានអោយដឹងថា កិច្ចសហការបង្ក្រាប ធ្វើឡើងកាលពីវេលាម៉ោង២និង២៥នាទី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ប្រុស នៅភូមិចុងឃុំសំបូរស្រុកបាធាយខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងបន្តថា ជាលទ្ធផលកំលាំងចាប់យកចានអាប៉ោង១ ហាន់តោ១ និងម៉ូតូ២គ្រឿង ម៉ាកC125 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1CJ2358 ពណ៍ខ្មៅ និងវ៉េអាយហ្វា១គ្រឿង ពណ៍ខ្មៅ គ្មានស្លាកលេខ។ ចំណែក ម្ចាស់ផ្ទះនិងអ្នកលេងរត់គេចខ្លួនអស់។
បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ៕ វណ្ណៈ