ខេត្តពោធិ៍សាត់៖ ជាធម្មតាគោយន្តកន្រ្តៃបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមក្តី ឬផ្លូវក្រាលកៅស៊ូក្តី និងផ្លូវជាតិក្តីនៅពេលយប់ បង្កការគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសស្រាលធ្ងន់ និងស្លាប់ឥតឈប់ឈរ ជាក់ស្តែងដូចរូបភាពខាងក្រោមនេះតែម្តង។
ហេតុការណ៍ដូចក្នុងរូបភាពនេះបានកើតឡើង នៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៤.១៧៥ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះប្រាប់ថា ជនរងរបួសឈ្មោះ យ៉ង់ សុវណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងរបួសធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក ឃ្លីក ពណ៏ក្រហម ពាក់ស្លាកលេខ ខេមរៈភូមិន្ឌ 09 1.1772 ។
ប្រភពបន្តថា មុនដំបូងគេឃើញជនរងរបួសធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកគោយន្តកន្រ្តៃពេញទំហឹង ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិច.កើត) បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងម្នាក់ឯងនៅលើ ចំណែកគោយន្តកន្រ្តៃនៅតែបន្តដំណើរទៅមុខដោយសន្សឹមៗ។
ប្រភពដដែលបន្តទៀតថា ក្រោយមកបន្តិចក៏មានប្រជាពលរដ្ឋមកចោមរោមមើលយ៉ាងច្រើនកុះកររួមទាំងសមត្ថកិច្ចផងដែរ ហើយក៏បានចាត់ចែងបញ្ជូនជនរងរបួសទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកគោយន្តកន្រ្តៃបានបើកគេចបាត់ស្រម៉ោល សមត្ថកិច្ចនគរបាលបានត្រឹមនិយាយថាកំពុងញាប់ដៃញាប់ជើងស្រាវជ្រាវ។
គួររំលឹកថា៖ ករណីគោយន្តកន្រ្តៃពិសេសគោយន្ត(ដឹកឈើតែម្តង)បើកបរនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម, ផ្លូវកៅស៊ូ, ផ្លូវជាតិជាដើមនៅពេលយប់ បង្កការគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសស្រាលធ្ងន់ និងស្លាប់ឥតឈប់ឈរ សមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់ និងស្ថាប័នពាក់ព័ន្ធ នៅតែគ្មានសមត្ថភាពទប់ស្កាត់ដដែល៕ ប៉ឹម ពិន