ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជែងពេញផ្លូវមិនប្រយ័ត្នបុករថយន្តកុងទីនឺសណ្តោងរ៉ឺម៉កពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅក្នុងកាបូបអ្នកស្លាប់មានគ្រឿងញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវជាបងប្អូនជីដូនមួយបានជួបឧប្បតិ្តទេវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ហូរឈាមតាមត្រចៀកស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេជិះម៉ូតូត្រឡប់មកពីជួបស្រីស្នេហ៍វិញ។ ដោយឡែកសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច និងលុយដុល្លាចំនួន៨០ដុល្លាផងដែរ នៅក្នុងកាបូបសាកសព ដែលជាការសនិ្នដ្ឋានថា ពួកគេទើបត្រឡប់ពីលក់ថ្នាំញៀនឲ្យគេនៅម្តុំណាមួយ មិនមែនត្រឡប់ពីជួបស្រីស្នេហ៍នោះទេ។

ឧប្បត្តិទេវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃអាទិត្យ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ទល់មុខវត្តព្រៃព្រីង ស្ថិតក្នុងភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីវ័យចំណាស់ម្នាក់ត្រូវជាម្តាយមីងសាកសពបាននិយាយថា មុនពេលកើតហេតុនេះ គឺក្មួយប្រុសគាត់ឈ្មោះ សេង អាយុ២៣ឆ្នាំ ជាងសំណង់ បានមកលេងផ្ទះរបស់គាត់ហូបចុកផឹកស៊ីតិចតួចនៅផ្ទះគាត់ជាមួយនិងកូនប្រុសគាត់។ ស្រាប់តែក្រោយមកឮថា ក្មួយប្រុសខ្ចីម៉ូតូកូនគាត់ថាទៅជួបសង្សាគេមួយភ្លែតហើយក៏បានបបួលកូនប្រុសគាត់ទៅជាមួយផងដែរ។ កូនប្រុសគាត់ក៏បានប្រកែកមិនព្រមទៅទេ តែគេបបួលទៅទាល់បាន។ ស្រីដដែលបន្តថា ក្រោយមកទើបមានគេទូរស័ព្ទប្រាប់ថា អាសេង និងអាសួន កូនប្រុសគាត់ អាយុ១៨ឆ្នាំ បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនពេលកើតហេតុបានឃើញម៉ូតូ១គ្រឿងនេះឌុបគ្នា២នាក់ ធ្វើដំណើរពីជើងមកយ៉ាងលឿនជែងគេឯងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុមុខវត្តព្រៃព្រីងក៏បុករថយន្តសណ្តោងរ៉ឺម៉កស្លាប់ភ្លាមម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ អ្នកបើកបររថយន្តឃើញសភាពដូច្នោះក៏រត់គេចខ្លួនបាត់បន្សល់ទុករថយន្តចោលកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងដែរថា រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-2713 ធ្វើដំណើរពីជើងទៅត្បូង។ ចំណែកម៉ូតូរងគ្រោះម៉ាក់ហុងដាឌ្រីម(សង់ប៊ិច០១២) ពណ៌ខៀវ ពាក់ស្លាកលេខព្រៃវែង 1F-4001។

ក្រោយធ្វើការវាសវែងរួចរថយន្តត្រូវបានប្រគល់ទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសាកសពសមត្ថកិច្ចក៏បានប្រគល់ជួនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ តាឡឹម


ចែករំលែក៖