ខេត្តកំពង់ស្ពឺ ៖ ក្រុមសង្គមមងងឹតមួយក្រុម ដែលមានពាក់ព័ន្ឋនឹងគ្រឿងញៀន ព្រមទាំងទទួលផលចោរកម្មផងនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដ និងស្រុកគងពិសី បើកប្រតិបត្តិការបង្រ្កាបបានជាបន្តបន្ទាប់ចំនួន ៨នាក់ព្រមទាំង ដកហូតវត្ថុតាង ម៉ូតូ ១០គ្រឿង ពាក់ព័ន្ធបទល្មើសចោរកម្ម រួមទាំងថ្នាំញៀនមួយចំនួនធំ ។
ប្រភពនគរបាលស្រុកគងពិសីបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងអធិការនគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន ៥នាក់ ស្រី ២នាក់ ៖
១-ឈ្មោះ ចាប វិចិត្រ ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ។
២-ឈ្មោះ វ៉ន វុធ ហៅ ធូ ភេទ ប្រុស អាយុ ៤៦ឆ្នាំ នៅភូមិចំបក់រុន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ។
៣-ឈ្មោះ សៀង លៀង ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកបសេដ្ឋ ។
៤- ឈ្មោះ នាង ស្រីនីត ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិព្រៃតាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
៥-ឈ្មោះ ង៉ែត សុធា ភេទ ស្រី អាយុ ២៥ឆ្នាំ នៅភូមិគីរីមានជ័យ ឃុំគីរីមានជ័យ ស្រុកបសេដ្ឋ ។ ក្នុងការជាត់ខ្លួនក្រុមជនសង្ស័យនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក ១២ កញ្ចប់ និង ម៉ូតូ ២គ្រឿង ។
រហូតដល់ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្រោយពីបានសាកសួរចម្លើយមុខសញ្ញាខាងលើ កម្លាំងសមត្ថកិចបានបន្ដទៅធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៣នាក់ បន្ថែមទៀតនៅចំណុចភូមិរាំង ឃុំជង្រុក និងបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក ៦កញ្ចប់ ម៉ូតូ ៨គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ក្រុមជនសង្ស័យគឺជាមុខសញ្ញាទទួលផលចោរកម្មនិងជួញដូរថ្នាំញៀនដ៏សកម្មផងដែរ ១-ឈ្មោះ ថន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ។
២-ឈ្មោះ វ៉ាន់ ជីវ័ន្ដ ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិតាង៉កទន្លេ ឃុំភ្នៅទី២ ស្រុកសីធរកណ្ដាល ខេត្តព្រៃវែង ។
៣-ឈ្មោះ កៅ វុត្ថា ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
ប្រភពបន្តថា សរុបក្នុងប្រតិបត្ដិការសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៨នាក់ ស្រី ២នាក់ក្នុងនោះដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១៨កញ្ចប់ (១០តូច និង ៨ មធ្យម) ទម្ងន់ ៣៦,៨២ក្រាម , ម៉ូតូ១០គ្រឿង, ទូរស័ព្ទដៃ ៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បន្ទាប់ពីឃាត់ខ្លួននិងស្តាប់ចម្លើយសារភាពរបស់ក្រុមជនសង្ស័យរួចមកនៅព្រឹកថ្ងៃទី២៥មីនា២០១៨នគរបាលស្រុកបានកសាងឯកសារបញ្ជូនក្រុមជនសង្ស័យទៅកាន់ការិយាល័យជំនាញដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ថានេះជាប្រតិបត្តិការដ៏ធំមួយមិនធ្លាប់មានពីមុនមកដែលប្រតិបត្តិការនេះទទួលបានការកោតសរសើរ និងលើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ៕ សេនាស័ក្តិ