បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ មិនថានៅស្រុកណានោះទេ គឺកើតមានយ៉ាងសកម្ម ។ អាជ្ញាធរ មានសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ ត្រូវគេរាយការណ៍ថា បានឃុបឃិតជាមួយពួកឈ្មួញអនុញ្ញាតឲ្យមានបទល្មើសនេសាទជាថ្នូរនឹងផលប្រយោជន៍ ។ ជាក់ស្តែងបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់កំពុងស្ថិតនៅក្រោមកណ្តាប់ដៃគ្រប់គ្រងរបស់ឈ្មួញឈ្មោះ តាំង លី ក្រោមការសម្របសម្រួលរបស់លោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលបាកាន ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅតំបន់អតីតឡូត៍លេខ២ បច្ចុប្បន្ន ក៏ដូចជាតាំងពីដើមរៀងមក បទល្មើសនេសាទនៅតំបន់នេះត្រូវបានគ្រប់គ្រងដោយលោកតាំង លី ក្រោមការសម្របសម្រួលរបស់លោក ភេម សុខុន ។ បទល្មើសច្រើនប្រភេទដូចជា ដាយ, ប, ឆក់ និងការបូមពង្រីងចាប់យកត្រី គឺលោកតាំង លី អាចធ្វើបាន ។ នៅរដូវប្រាំង លោកបូមពង្រីងតំបន់ទំនាបមួយចំនួនរួចហើយឆក់យកត្រីតែម្តង ។ នៅរដូវវស្សាបទល្មើស គ្រប់ប្រភេទមានទាំងការដាក់ដាយ ប ជាដើម ។ សកម្មភាពបែបនេះ ប្រសិនបើសមត្ថកិច្ចរដ្ឋបាលជលផលចង់បង្ក្រាប គឺមិនលំបាកឡើយ ប៉ុន្តែរវាងលោក ភេម សុខុន នឹងឈ្មួញតាំង លី គឺជាអណ្តាត និងធ្មេញទៅហើយ ។
មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តពោធិ៍សាត់ ហាក់ដូចជាមិនបានធ្វើសកម្មភាពអ្វីជាដុំកំភួនក្នុងការបង្ក្រាបបទល្មើសនោះឡើយ ។ ជាងនេះទៅទៀត ស្ថាប័នជំនាញ ពោលគឺប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជានាយខណ្ឌរដ្ឋបាលជលផលនៅស្ងៀមឈឹងតែម្តង ។ ភាពស្ងាត់ស្ងៀមរបស់ស្ថាប័នជំនាញ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋយល់ថា មន្ត្រីមានសមត្ថកិច្ចទាំងនេះទទួលបានលាភសក្ការពីពួកឈ្មួញ ។ ជាមួយគ្នានេះដែរ គេយល់ថា លោក ភេម សុខុន ទទួលបានប្រយោជន៍ពីឈ្មួញតាំង លី ទើបបានជាមិនបង្ក្រាបបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕