ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះបង្គោលភ្លើងបែកផ្កាភ្លើងយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្ញាមៗ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបកោសដូង ផ្លូវលេខ២៣០ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញឆ្លងចរន្តអគ្គសនីខ្សែភ្លើង ដែលជាប់នៅខាងលើផ្ទះវេលុយទ្រូម៉ានី ភ្លាមនោះ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមនោះ រថយន្តរបស់អធិការដ្ឋានខណ្ឌទួលគោកបានចេញមកជួយអន្តរាគមន៍ភ្លាមៗចំនួន២គ្រឿង តែមិនទាន់ហ៊ានបាញ់នោះទេ ព្រោះដោយសារតែមិនទាន់បិទចរន្តភ្លើងអស់។
បន្ទាប់មកទើបផ្ទុះរាល់ដាលដល់បង្គោលភ្លើងមួយកន្លែងទៀត សមត្ថកិច្ចសម្រេចចិត្តបាញ់ពន្លត់តែម្តង ដោយប្រើប្រាស់អស់ទឹកចំនួន២រថយន្ត ទើបអាចគ្រប់គ្រងបាន តែមិនមានរងរបួសដល់មនុស្សនោះទេ ដោយឡែក ផ្ទះវេរលុយទ្រូម៉ានីរងការខូចខាតអស់សម្ភារមួយចំនួនដែរ ៕ សុខាសែនជ័យ