ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសបុកម៉ូតូមួយគ្រឿងទៀតបាក់ជើងខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងហើយបានជិះម៉ូតូក្នុងល្បឿនលឿនទាំងបញ្ច្រាសទិសដៅ ចរាចរណ៍ជ្រុលបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបាក់ជើងខ្លួនឯង ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកnex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DH 1480 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ពាក់ឯកសណ្ឋានអាវុធហត្ថ ជិះម៉ូតូធុនធំ ពណ៌ ស ពាក់ស្លាកលេខខេមរះភូមិន្ទ 2-1-7777 ទំនងជាស្រវឹង ធ្វើដំណើរឡើងពីផ្លូវក្រោមដីទាំងបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿន ហើយបានរ៉េពេញផ្លូវក៏ជ្រុលបុកម៉ូតូnex ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូធុនធំរងរបួសបាក់ជើងខាងស្តាំ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល ដោយឡែកម៉ូតូរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖