ព័ត៌មានទាន់ហេតុការណ៍៖

រង់​ចាំមើលទាំងអស់គ្នាថ្ងៃទី៣០ ខែមីនានេះ រឿង​លោក​ចៅ​សង្កាត់​កាកាប​២​ បានតំណែង​ថ្មីចង់​ដូរ​ប្រ​ពន្ធថ្មីដែរ

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់លើ​នៃ​សង្កាត់កាកាបទី២ ពោលគឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសម្របសម្រួលជម្លោះ​ប្តី ប្រពន្ធរបស់លោកចៅសង្កាត់កាកាបទី២ ក្រោយពី​លោកចៅសង្កាត់លបលួចមានស្រីថ្មីចោលប្រពន្ធ និងកូន ។ នៅថ្ងៃទី៣០ ខែមីនា នេះ លទ្ធផលនៃការសម្របសម្រួលនឹងត្រូវចេញថា តើលោកចៅសង្កាត់អាចមានសិទ្ធិ​រកភរិយាថ្មីមួយទៀត ដោយទុកចោលភរិយាចាស់ឬយ៉ាងណា? បើលទ្ធផលបង្ហាញថា លោកចៅសង្កាត់អាចលែងប្រពន្ធបាន នោះរឿងនេះគឺជាការបំបាក់ទឹកចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋានជាខ្លាំង ។

ក្រោយ​ពី​មាន​រឿង​ជម្លោះ​របស់​លោក ម៉ា​លី ពិសិដ្ឋ ​ចៅ​សង្កាត់​កាកាប២ សុំ​លែង​លះ​ប្រពន្ធ​រហូត​ដាក់​ពាក្យ​ទៅ​តុលាការ ធ្វើ​ឲ្យ​ប្រពន្ធ​កើត​ទុក្ខ​មិន​សុខ​ចិត្ត បាន​ធ្វើដំ​ណើរ​តាំងពី​ខេត្តកំពង់​ឆ្នាំង មករក​លោក​ប្តី​ដល់​កន្លែង​ធ្វើ​ការ ប៉ុន្តែ​​លោក​ ម៉ាលី ពិសិដ្ឋ ​ចៅ​សង្កាត់​កាកាប​២ មិន​​ចេញ​ពីការិយាល័យម​ក​​ជួប​​ឡើយ​​ដោយ​​ចាក់​​គ​ន្លឺះ​​ទ្វារ​​បន្ទាប់​​មិន​​ឲ្យ​ចូល​​ជួប ធ្វើ​ឲ្យ​ស្រ្តី​ដែល​ជា​ប្រពន្ធ​ខឹង​សម្បា ស្រែក​​ឡូ​ឡា​​បង្ក​​ការ​​ភ្ញាក់​ផ្អើល​ ​។ លុះមកដល់​ព្រឹក​ថ្ងៃ​ទី​​២៨ ខែមិនា ឆ្នាំ២០​១៨​នេះ ភរិយា​លោកចៅ​សង្កាត់កាកា​ប២ បាន​ប្រាប់ឲ្យដឹង​ថា នៅថ្ងៃទី​៣០ខែ​មិនា​ឆ្នាំ​២​០​១៨ខាងមុខ​នេះ មន្រ្តី​របស់​សាលា​ខណ្ឌ​ពោ​ធិ៍​សែន​នេះ​កោះ​ហៅ​ចៅសង្កាត់កាកា​ប២ រួម​នឹង​ភរិយា ដើម្បី​ធ្វើការ​សម្រប​សម្រួល​បន្ត​ទៀត ។

គួរ​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០​១៨ ស្រ្តីម្នាក់​ដែលបាន​អះអាង​ថា ខ្លួន​ខំ​ស្កា​ត់តាំង​ពី​ខេត្តកំពង់ឆ្នាំង មក​ដល់​ភ្នំពេញ ដើម្បី​សួរនាំ​លោក​ប្ដី​រឿងដាក់ពាក្យ​ទៅ​តុលាការ​សុំ​លែង​លះ​​គ្នា​​ ដោយ​​គ្មាន​​មូល​ហេតុ និង​​បាន​​ព្យាយាម​​គេច​វេស​​ពី​​គាត់​​រហូត​ ហើយ​បា​នស្រែក​ឡូឡា នៅមុខសាលា​សង្កាត់​កាកា​ប​២ បង្កឲ្យ​មានការភ្ញាក់ផ្អើល។

ស្រ្តី​ដែល​អះអាង​ខ្លួន​ជា​ប្រពន្ធលោក​ចៅ​សង្កាត់​កាកាប​២​បាន​បន្ត​ទៀត​ថា ខ្លួន​មាន​ឈ្មោះ អ៊ល​ ពិសី អាយុ៣៩ឆ្នាំ រស់នៅភូមិ​ត្រពាំង​ចឹក​សា សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង មាន​កូន​ចំនួន​៣​នាក់ ។ ស្ត្រី​​រូប​​នេះ​​បាន​​រៀប​រាប់​​ទៀត​​ថា គាត់​និង​លោក ម៉ា​លី ពិសិដ្ឋ បាន​​យក​​គ្នា​​ជា​​ប្តី​​ប្រពន្ធ ដោយ​មិ​ន​​បាន​​រៀប​​ការ​​អស់​​រយៈ​ពេល​​ជាង​​១០​​ឆ្នាំ​កន្ល​ង​​មក​​ហើយ ប៉ុន្តែ​​បាន​​ចុះ​​អេ​តា​ស៊ី​វិល​ ជា​មួយ​គ្នា ដែល​​បញ្ជាក់​​ថា ជា​​ប្ដី​​ប្រពន្ធ​​ស្រប​ច្បាប់​ ។

ប្រភពដដែលបន្តទៀតថា មុន​យក​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ គាត់​ជា​ស្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់ ចំណែ​ក​លោក​ចៅសង្កាត់​កា​កាប​២ ម៉ា​លី ពិសិដ្ឋ ជា​បុរស​ពោះម៉ាយ មាន​កូន​​ម្នាក់​​ដែរ ​។ លុះ​ពេល​បាន​​គ្នា​​ជា​​ប្ដី​​ប្រពន្ធ លោក​​ប្ដី​​បាន​​ឲ្យ​​គាត់​​លុប​នា​មត្រកូល​​ប្ដី​​មុន​​របស់​​កូន​ស្រី​​ចោល និង​យក​ឈ្មោះ​​របស់​​ខ្លួន​​ដាក់​​ជំនួស​​វិញ​។ បន្ទាប់​​មក​លោកប្តីបាន​​ឲ្យ​​គាត់​​សេង​​អីវ៉ាន់​​ចាប​ហួយ​ យក​​លុយ និង​ខ្ចី​​លុយ​​ធនាគារ​៥​​ពាន់​​ដុល្លារ ព្រម​ទាំង​​លក់​គ្រឿង​​អលង្ការ​មាស​​២​​តម្លឹង ប្រមូល​​យក​​លុយ​មក​​រក​​​ការងារ​ធ្វើ​​នៅ​​ភ្នំពេញ និង​​បាន​​ស្នាក់​នៅ​ផ្ទះ​​ជួល ​។

ពេល​​នោះ​លោក​​ប្ដី​​បាន​ការ​ងារ​​ជា​​ចៅ​សង្កាត់​​រង​ទី​២ សង្កាត់​​កា​កាប ហើយ​​បាន​​ស្នាក់​​នៅ​ជាមួ​យ​​គ្នា ដោយ​​គ្មាន​​បញ្ហា​​អ្វី​​ឡើយ​។ លុះ​ក្រោយ​មក បន្ទាប់​​ពី​​គណបក្ស​​សង្គ្រោះ​ជាតិ ត្រូវ​​បាន​រំលាយ ប្ដី​​គាត់​​បាន​​ក្លាយ​ជា​​ចៅ​សង្កាត់​​កា​កាប​២ ប៉ុន្តែ​​មិន​​បាន​​ប្រាប់​​ឲ្យ​​គាត់​​ដឹង​​ថា ជាប់​ជា​​ចៅ​សង្កាត់​​ឡើយ គឺ​​លាក់​លៀម​​រហូត​ ។ លុះដល់​ខែធ្នូ ឆ្នាំ​២០១៧ ស្រាប់តែ​​លោក​​ប្ដី​​ដាក់​​ពាក្យ​ទៅ​តុលាការ​សុំ​លែងលះ​គ្នា​ជាមួយ​គាត់ ដោយ​គ្មាន​មូលហេតុ និង​បាន​ព្យាយាម​គេចវេស​ពី​គាត់​រហូត​តែ​ម្ដង​ ។

ប្រជាពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ដែលជាសង្កាត់ទើបបង្កើតថ្មី ចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញសារព័ត៌មាននានាចុះផ្សាយករណីលោកចៅសង្កាត់កាកាបទី២លួចលាក់មានស្រី ហើយប្តឹងសុំលែងភរិយាស្របច្បាប់ដែលមានកូនរហូតដល់ទៅ៣នាក់នោះ ។ ប្រជាពលរដ្ឋនៅក្នុង​សង្កាត់កាកាបទី២ ថា បុគ្គលបែបនេះ មិនមែនជាគំរូសម្រាប់​ប្រជាពលរដ្ឋនោះឡើយ ។ ប៉ុន្តែយ៉ាងណា វានៅតែជាសិទ្ធិនៃការសម្រេចរបស់ថ្នាក់ដឹកនាំខណ្ឌ, រាជធានី, ក្រសួងមហាផ្តៃ ជាពិសេសគណបក្សប្រជាជនកម្ពុជា ។

ប្រជាពលរដ្ឋនាំគ្នានិយាយថា លោកចៅសង្កាត់លួចលាក់មានស្រី ហើយបែរជាប្តឹងសុំលែងលះប្រពន្ធ ។ ពួកគេនិយាយថា កាលគ្រាក្រ បុរសជាប្តី ពោលគឺលោក ម៉ាលី ពិសិដ្ឋ ស្មោះស្មគ្រជាមួយភរិយាដែលជាស្ត្រីមេម៉ាយកូន១ រហូតដល់បានកូន២នាក់ថែមទៀត ។ នៅពេលដែលលោកមកជួលផ្ទះស្នាក់នៅរាជធានីភ្នំពេញ ក៏បានការទទួលឧបត្ថម្ភពីភរិយាជារៀងរាល់ខែដែរ ។ នៅពេលដែលលោកជាប់ជាចៅរងសង្កាត់ទី២ លោកនៅតែបន្ត​មានភក្តីភាពជាមួយប្រពន្ធកូននៅឡើយ ។ ប៉ុន្តែ​នៅពេលដែលលោកក្លាយទៅជាចៅសង្កាត់កាកាបទី២ បែរជាភ្លេច​ប្រពន្ធកូនទៅវិញ ។ ភរិយា និងប្រពន្ធកូនលោកអាចបំភ្លេចបាន ចុះ​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រឿងអីដែលលោកមិនអាចបំភ្លេចបាននោះ ។

ប្រជាពលរដ្ឋ មានមូលដ្ឋាននៅក្នុងសង្កាត់កាកាបទី២ ដែលទើបបង្កើតថ្មីទទូចឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មេត្តាពិចារណាឡើងវិញចំពោះលោក ម៉ាលី ពិសិដ្ឋ ដែលជាមន្ត្រីមូលដ្ឋានថ្នាក់ក្រោមរស់នៅជាមួយប្រជាពលរដ្ឋ ប៉ុន្តែបែរជាបង្កគំរូអាក្រក់យ៉ាងនេះទៅវិញនោះ ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ រំពឹងថា ថ្នាក់ដឹកនាំ​ពិចារណាឡើងវិញចំពោះបេក្ខភាពចៅសង្កាត់​កាកាបទី២នេះ ព្រោះវាមិនមែនជាគំរូល្អនោះទេ ផ្ទុយទៅវិញ សូម្បីសាច់ឈាមរបស់ខ្លួន ក៏លោកម៉ាលី ពិសិដ្ឋ បោះចោល ចុះទម្រាំប្រជាពលរដ្ឋ ដែលមិនមែនជាសាច់ឈាមកូនចៅរបស់ខ្លួននោះ តើ​គាត់គិតយ៉ាងណា ? ៕ ហេង សូរិយា


ចែករំលែក៖