ភ្នំពេញ៖ ថ្នាក់លើនៃសង្កាត់កាកាបទី២ ពោលគឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសម្របសម្រួលជម្លោះប្តី ប្រពន្ធរបស់លោកចៅសង្កាត់កាកាបទី២ ក្រោយពីលោកចៅសង្កាត់លបលួចមានស្រីថ្មីចោលប្រពន្ធ និងកូន ។ នៅថ្ងៃទី៣០ ខែមីនា នេះ លទ្ធផលនៃការសម្របសម្រួលនឹងត្រូវចេញថា តើលោកចៅសង្កាត់អាចមានសិទ្ធិរកភរិយាថ្មីមួយទៀត ដោយទុកចោលភរិយាចាស់ឬយ៉ាងណា? បើលទ្ធផលបង្ហាញថា លោកចៅសង្កាត់អាចលែងប្រពន្ធបាន នោះរឿងនេះគឺជាការបំបាក់ទឹកចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋានជាខ្លាំង ។
ក្រោយពីមានរឿងជម្លោះរបស់លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាប២ សុំលែងលះប្រពន្ធរហូតដាក់ពាក្យទៅតុលាការ ធ្វើឲ្យប្រពន្ធកើតទុក្ខមិនសុខចិត្ត បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំង មករកលោកប្តីដល់កន្លែងធ្វើការ ប៉ុន្តែលោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាប២ មិនចេញពីការិយាល័យមកជួបឡើយដោយចាក់គន្លឺះទ្វារបន្ទាប់មិនឲ្យចូលជួប ធ្វើឲ្យស្រ្តីដែលជាប្រពន្ធខឹងសម្បា ស្រែកឡូឡាបង្កការភ្ញាក់ផ្អើល ។ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨នេះ ភរិយាលោកចៅសង្កាត់កាកាប២ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨ខាងមុខនេះ មន្រ្តីរបស់សាលាខណ្ឌពោធិ៍សែននេះកោះហៅចៅសង្កាត់កាកាប២ រួមនឹងភរិយា ដើម្បីធ្វើការសម្របសម្រួលបន្តទៀត ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្រ្តីម្នាក់ដែលបានអះអាងថា ខ្លួនខំស្កាត់តាំងពីខេត្តកំពង់ឆ្នាំង មកដល់ភ្នំពេញ ដើម្បីសួរនាំលោកប្ដីរឿងដាក់ពាក្យទៅតុលាការសុំលែងលះគ្នា ដោយគ្មានមូលហេតុ និងបានព្យាយាមគេចវេសពីគាត់រហូត ហើយបានស្រែកឡូឡា នៅមុខសាលាសង្កាត់កាកាប២ បង្កឲ្យមានការភ្ញាក់ផ្អើល។
ស្រ្តីដែលអះអាងខ្លួនជាប្រពន្ធលោកចៅសង្កាត់កាកាប២បានបន្តទៀតថា ខ្លួនមានឈ្មោះ អ៊ល ពិសី អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកូនចំនួន៣នាក់ ។ ស្ត្រីរូបនេះបានរៀបរាប់ទៀតថា គាត់និងលោក ម៉ាលី ពិសិដ្ឋ បានយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែបានចុះអេតាស៊ីវិល ជាមួយគ្នា ដែលបញ្ជាក់ថា ជាប្ដីប្រពន្ធស្របច្បាប់ ។
ប្រភពដដែលបន្តទៀតថា មុនយកគ្នាជាប្តីប្រពន្ឋ គាត់ជាស្រីមេម៉ាយ មានកូនស្រីម្នាក់ ចំណែកលោកចៅសង្កាត់កាកាប២ ម៉ាលី ពិសិដ្ឋ ជាបុរសពោះម៉ាយ មានកូនម្នាក់ដែរ ។ លុះពេលបានគ្នាជាប្ដីប្រពន្ធ លោកប្ដីបានឲ្យគាត់លុបនាមត្រកូលប្ដីមុនរបស់កូនស្រីចោល និងយកឈ្មោះរបស់ខ្លួនដាក់ជំនួសវិញ។ បន្ទាប់មកលោកប្តីបានឲ្យគាត់សេងអីវ៉ាន់ចាបហួយ យកលុយ និងខ្ចីលុយធនាគារ៥ពាន់ដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការមាស២តម្លឹង ប្រមូលយកលុយមករកការងារធ្វើនៅភ្នំពេញ និងបានស្នាក់នៅផ្ទះជួល ។
ពេលនោះលោកប្ដីបានការងារជាចៅសង្កាត់រងទី២ សង្កាត់កាកាប ហើយបានស្នាក់នៅជាមួយគ្នា ដោយគ្មានបញ្ហាអ្វីឡើយ។ លុះក្រោយមក បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ប្ដីគាត់បានក្លាយជាចៅសង្កាត់កាកាប២ ប៉ុន្តែមិនបានប្រាប់ឲ្យគាត់ដឹងថា ជាប់ជាចៅសង្កាត់ឡើយ គឺលាក់លៀមរហូត ។ លុះដល់ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែលោកប្ដីដាក់ពាក្យទៅតុលាការសុំលែងលះគ្នាជាមួយគាត់ ដោយគ្មានមូលហេតុ និងបានព្យាយាមគេចវេសពីគាត់រហូតតែម្ដង ។
ប្រជាពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ដែលជាសង្កាត់ទើបបង្កើតថ្មី ចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញសារព័ត៌មាននានាចុះផ្សាយករណីលោកចៅសង្កាត់កាកាបទី២លួចលាក់មានស្រី ហើយប្តឹងសុំលែងភរិយាស្របច្បាប់ដែលមានកូនរហូតដល់ទៅ៣នាក់នោះ ។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាបទី២ ថា បុគ្គលបែបនេះ មិនមែនជាគំរូសម្រាប់ប្រជាពលរដ្ឋនោះឡើយ ។ ប៉ុន្តែយ៉ាងណា វានៅតែជាសិទ្ធិនៃការសម្រេចរបស់ថ្នាក់ដឹកនាំខណ្ឌ, រាជធានី, ក្រសួងមហាផ្តៃ ជាពិសេសគណបក្សប្រជាជនកម្ពុជា ។
ប្រជាពលរដ្ឋនាំគ្នានិយាយថា លោកចៅសង្កាត់លួចលាក់មានស្រី ហើយបែរជាប្តឹងសុំលែងលះប្រពន្ធ ។ ពួកគេនិយាយថា កាលគ្រាក្រ បុរសជាប្តី ពោលគឺលោក ម៉ាលី ពិសិដ្ឋ ស្មោះស្មគ្រជាមួយភរិយាដែលជាស្ត្រីមេម៉ាយកូន១ រហូតដល់បានកូន២នាក់ថែមទៀត ។ នៅពេលដែលលោកមកជួលផ្ទះស្នាក់នៅរាជធានីភ្នំពេញ ក៏បានការទទួលឧបត្ថម្ភពីភរិយាជារៀងរាល់ខែដែរ ។ នៅពេលដែលលោកជាប់ជាចៅរងសង្កាត់ទី២ លោកនៅតែបន្តមានភក្តីភាពជាមួយប្រពន្ធកូននៅឡើយ ។ ប៉ុន្តែនៅពេលដែលលោកក្លាយទៅជាចៅសង្កាត់កាកាបទី២ បែរជាភ្លេចប្រពន្ធកូនទៅវិញ ។ ភរិយា និងប្រពន្ធកូនលោកអាចបំភ្លេចបាន ចុះប្រជាពលរដ្ឋក្នុងមូលដ្ឋាន រឿងអីដែលលោកមិនអាចបំភ្លេចបាននោះ ។
ប្រជាពលរដ្ឋ មានមូលដ្ឋាននៅក្នុងសង្កាត់កាកាបទី២ ដែលទើបបង្កើតថ្មីទទូចឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មេត្តាពិចារណាឡើងវិញចំពោះលោក ម៉ាលី ពិសិដ្ឋ ដែលជាមន្ត្រីមូលដ្ឋានថ្នាក់ក្រោមរស់នៅជាមួយប្រជាពលរដ្ឋ ប៉ុន្តែបែរជាបង្កគំរូអាក្រក់យ៉ាងនេះទៅវិញនោះ ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ រំពឹងថា ថ្នាក់ដឹកនាំពិចារណាឡើងវិញចំពោះបេក្ខភាពចៅសង្កាត់កាកាបទី២នេះ ព្រោះវាមិនមែនជាគំរូល្អនោះទេ ផ្ទុយទៅវិញ សូម្បីសាច់ឈាមរបស់ខ្លួន ក៏លោកម៉ាលី ពិសិដ្ឋ បោះចោល ចុះទម្រាំប្រជាពលរដ្ឋ ដែលមិនមែនជាសាច់ឈាមកូនចៅរបស់ខ្លួននោះ តើគាត់គិតយ៉ាងណា ? ៕ ហេង សូរិយា