ខេត្តព្រះសីហនុ៖ ទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅចំណុចក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលមានប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់លេខ៖ ពន០០៥៥០៧ តាំងពីឆ្នាំ១៩៩៩ មានចុះហត្ថលេខា ដោយប្រធានការិយាយល័យភូមិបាល លោក ជិន សុឃិន និងប្រធាននាយកដ្ឋានសុរិយោដី លោក លឹម វ៉ាន់ កំពុងតែមានក្រុមឧទ្ទាមខុសច្បាប់ញុះញង់ឲ្យប្រជាជនចាប់ដី និងតាំងលំនៅឋានលើដីកម្មសិទ្ធស្របច្បាប់ នេះ ហាក់ដូចជាតំបន់អប្បគមន៍។
តាមរយះការញុះញុងពីពួកឧទ្ទាមមួយក្រុមនេះ គឺគេសង្កេតឃើញមានប្រជាជននាំគ្នាលួចបោះទីតាំងធ្វើខ្ទម ផ្ទះឈើ ផ្ទះថ្ម ធ្វើរបង និងឈានដល់មានសំណង់រឹងមាំ ក្នុងចេតនាទុច្ចរិត នៃបទ៖ ប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងលួចលក់អចលនវត្ថុអ្នកដ៏ទៃដោយខុសច្បាប់។ ក្នុងនោះយ៉ាងតិចមានសំណង់ប្រមាណជិត៦០ខ្នងបានលួចសង់រួច និងមានបន្តលួចសង់ លួចលក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែអាជ្ញាធរគ្រប់ជាន់ថ្នាក់អះអាងថា៖ ពួកគេមកបោះទីតាំងដោយអំពើល្មើសច្បាប់ និងហ៊ានទាំងលួចលក់បន្តទៅពីមនុស្សម្នាក់ទៅមនុស្សផ្សេងៗទៀត មិនដឹងជាពួកគាត់ធ្វើឯកសារលក់ដូរដោយរបៀបមេចនោះទេ ។ ដោយឡែកករណីនេះ អាជ្ញាធរអះអាងថា៖ ពួកគាត់អត់ពាក់ព័ន្ធជាមួយនិងអំពើល្មើសច្បាប់នេះជាដាច់ខាត។
ប្រជាជនទាំងនោះមកលួចដីប្រៀបបានដូចជាបង្កើតតំបន់អប្បគមន៍ ខណះបង្កើតឲ្យមានមេក្លោង មេកន្ទ្រាញ ជាអ្នកគ្រប់គ្រងក្នុងដីនោះ ដោយបំពាននិងរដ្ឋអំណាចមូលដ្ឋាន។ លោក ឈុន ចាន់ថុង មេក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានថ្លែងបែបនេះកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ប្រាប់អ្នកសារព័ត៍មាន នៅកន្លែងទីតាំងដីនោះតែម្តង។
លោក ឈុន ចាន់ថុង បន្តថា៖ ប្រជាជនមកបោះទីតាំង លួចលក់ លួចសង់ ត្រូវឆ្លងកាត់ក្រុមមេក្លោង មេកន្ទ្រាញ គ្រប់គ្រងនៅទីនោះ គឺឲ្យលុយទើបធ្វើអ្វីបានក្នុងដីឡូតិ៍ខាងលើនោះបាន ដោយអត់ខ្លាចញញើតច្បាប់ ឬអាជ្ញាធរមូលដ្ឋានឡើយ។ ក្នុងចំណោមប្រជាជនជិត៦០គ្រួសារមកបោះទីតាំងលួចសង់ខ្ទម ធ្វើរបងហ៊ុំព័ទ្ធដីជាដីឡូតិ៍ៗ សង់ផ្ទះឈើ ផ្ទះស័ង្កសី ផ្ទះថ្មសំណង់រឹងមាំ គឺមានមន្ត្រីអនុរក្សពន្ធនាគារចំនួន៥នាក់ក៏ទៅលួច និងទិញបន្តពីគេដោយគ្មានលិខិតស្នាមទាំងបំពានផងដែរ។ លោកបន្តថា៖ សូម្បីតែអនុប្រធានមណ្ឌលកែប្រែខេត្តព្រះសីហនុម្នាក់ក៏ទៅសង់សំណង់រឹងមាំនៅលើដីស្របច្បាប់អ្នកដទៃនេះ ទោះជាគាត់ទទួលស្គាល់ថាដីនេះមានប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់លេខ៖ ពន០០៥៥០៧ តាំងពីឆ្នាំ១៩៩៩ នោះយ៉ាងច្បាស់ក៏ដោយ។
លោក ឈិត សូផា ចៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ខ្ញុំទទួលស្គាល់ពិតប្រាកដណាស់ថាពួកគាត់មកលួចសង់ផ្ទះនៅលើដីនោះ ជាសំណង់អនាធិបតេយ្យ ព្រោះដីនោះជាដីមានប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ។ លោកចៅសង្កាត់បន្តថា៖ ខ្ញុំស្គាល់ប្រវត្តិដីនេះច្បាស់ណាស់ ដីនេះមានប័ណ្ណកម្មសិទ្ធស្របច្បាប់ ខ្ញុំក៏មានវត្តមានចុះទៅវាស់វែងដីនោះជាមួយ ខាងជំនាញភូមិបាល ដើម្បីធ្វើប្លង់ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រឹត្យប្រគល់ឲ្យ យាយ សម រ៉ាវី មានសិទ្ធធ្វើប័ណ្ណកម្មសិទ្ធលើដីនេះ ហើយបើខ្ញុំមិនច្រឡំទេដីនេះមានក្បាលប្រវែង៤៥ម៉ែត្រ បណ្តោយជាង២០០ម៉ែត្រ កន្ទុយដីទៅទល់និងរបងដីស្តាតឯណោះ។
លោក ឈិត សូផា ចៅសង្កាត់លេខ១ និងមន្ត្រីរបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖ ដើមហេតុដំបូងឡើយមានតែប្រជាជន១៣គ្រួសារប៉ុណ្ណោះ មកបោះតាំងលំនៅឋានដោយខុសច្បាប់ តែលោកសូមសសើរដល់ម្ចាស់កម្មសិទ្ធស្របច្បាប់ គាត់ចិត្តអ្នកធម៍ អ្នកបុណ្យក៏ឲ្យខាងសង្កាត់យកលុយទៅដោះស្រាយប្រគល់ឲ្យ១គ្រួសារ២០០ដុល្លារ ទៅ៣០០ដុល្លារក៏ចេញអស់ទៅ។ សព្វថ្ងៃនេះឃើញនៅមានឈ្មោះ សេង ចាន់ធូ អតីតអ្នកយាមដីឲ្យម្ចាស់ដីមានប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់ ចេះតែបន្តនៅលើដីនេះ និងជាក្លោងរឿងប្រមូលប្រជាជនមកលួចបោះទីតាំង និងឈានដល់លួចលក់បន្តៗគ្នា ដោយគ្មានអាជ្ញាធរណាដឹងឮ ឬមានលិខិតស្នាមអ្វីទេ។ លោកបន្តថា៖ បើចាប់ឈ្មោះ សេង ចាន់ធូ មកសួរដឹងអស់រឿងសំណង់អនាអិបតេយ្យនៅលើដីនោះ។
ចៅសង្កាត់លេខ១បន្តថា៖ រឿងនេះខ្ញុំទទួលស្គាល់ពួកគាត់ល្មើសច្បាប់ និងធ្លាប់ហាមឃាត់តែនៅមានលួចមកសាងសង់ ឬលក់តៗគ្នា ដូច្នេះមានតែថ្នាក់លើ និងតុលាការទេធ្វើកិច្ចការនេះបាន។
ដោយឡែក លោក សេង ចាន់ធូ និងភរិយាបានប្រាប់អ្នកសារព័ត៍មានថា៖ ពួកគាត់ពិតជាអ្នកចាំដីមែនកាលពីអតីតកាល ហើយការមករស់នៅទីនេះក៏គ្មានលិខិតកាន់កាប់អីទេ គឺមានតែអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅប៉ុណ្ណោះ។ ចំពោះគេថាគាត់ជាមេក្លោងនាំមនុស្សមកលួចបោះទីតាំងសង់នៅលើដីកម្មសិទ្ធរបស់អ្នកដទៃ គាត់មិនពាក់ព័ន្ធទេ គឺមានប្រជាជនមករស់នៅដោយខ្លួនឯងរៀងៗខ្លួន មិនដឹងថាគាត់ទិញឬយ៉ាងមេចនោះទេ។
លោក ម៉ម វណ្ណ អតីតះអ្នកយាមដីឲ្យម្ចាស់ដីស្របច្បាប់ខាងលើដែរ ហើយបច្ចុប្បន្នជាប្រជាការពារភូមិ១ ព្រះនាម B៣០ គឺបានឲ្យដឹងថា៖ អ្នកមករស់នៅលើដីនេះទាំងអស់សុទ្ធតែខុសច្បាប់ គាត់ទទួលស្គាល់ថាម្ចាស់ដីស្របច្បាប់នៅទីនេះ គឺគាត់ស្គាល់ទាំងកូន ទាំងចៅទាំងអស់ តែមិនដឹងយ៉ាងមេចចេះតែមានអ្នកមកលួចសង់រស់នៅ..?
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា៖ ពួកទាំងនេះកំពុងប្រព្រឹត្តបំពានច្បាប់ ដោយយកទ្រឹស្តី«ឈ្នះបានដី ចាញ់បានលុយ» ប៉ុន្តែពួកគាត់មិនបានគិតដល់ទិដ្ឋភាពច្បាប់ ខណះគាត់កំពុងប្រព្រឹត្តនូវបទល្មើសប្រព្រឹត្តដោយជាក់ស្តែងរារាំង ហើយរំលោភកាន់លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងលួចលក់អចលនវត្ថុអ្នកដទៃ ដែលជាដីកម្មសិទ្ធឯកជន។ ពួកគាត់សំដៅថាកន្លងទៅមានអ្នកចាប់ដី និងទៅបោះទីតាំងលើដីរដ្ឋ ដីមប្រុងទុករបស់រដ្ឋ រាល់ការឲ្យរុះរើ ឬបណ្តេញចេញ ករណីខ្លះរដ្ឋដោះស្រាយគោលនយោបាយទើបពួកគេនាំគ្នាប្រើវប្បធម៍នេះ ដោយមិនគិតដល់ទោសទណ្ឌខ្លួនប្រព្រឹត្តដោយជាក់ស្តែងរារាំង ហើយរំលោភកាន់លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងលួចលក់អចលនវត្ថុអ្នកដទៃ ដែលមានប័ណ្ណកម្មសិទ្ធនោះឡើយដែលនឹងត្រូវមានទោស។
មានមតិខ្លះលើកឡើងថា៖ បើប្រជាជនមួយចំនួនគិតថាពួកគាត់យល់ពីទិដ្ឋភាពដោយកម្រិត អត់ដឹងពីការប្រព្រឹត្តនេះមានទោសព្រហ្មទណ្ឌទេ តែហេតុអីមន្ត្រីពន្ធនាគារ៥នាក់ក្នុងនោះ មានឋានះដល់ថ្នាក់អនុប្រធានមណ្ឌលកែប្រែ ខេត្តព្រះសីហនុទៅហើយសុទ្ធតែយល់ពីច្បាប់ បែជាមកសង់សំណង់រឹងមាំលើដីកម្មសិទ្ធអ្នកដទៃ ឬមួយស្រមៃតាមទ្រឹស្តី«ឈ្នះបានដី ចាញ់បានលុយ» ដែរ..?
បើតាមការឲ្យដឹងពីភាគីម្ចាស់ដីមានប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់លេខ៖ ពន០០៥៥០៧ តាំងពីឆ្នាំ១៩៩៩ មកនោះ កំពុងធ្វើតាមវិធានការច្បាប់ក្នុងបទល្មើសព្រហ្មទណ្ឌ ខណះកន្លងទៅមានជនជាប់ចោទជាច្រើននាក់ត្រូវតុលាការធ្លាប់ផ្តន្ទាទោសក្នុងបទ៖ ប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងលួចលក់អចលនវត្ថុអ្នកដ៏ទៃដោយខុសច្បាប់នោះម្តងរួចទៅហើយក្តី។ ករណីនេះនឹងមានអ្នកជាប់បទល្មើសព្រហ្មទណ្ឌ ប្រសិនបើមិនសម្រេចចាកចេញឬរុះរើដោយស័្មគ្រចិត្តទេនោះ។
ប្រជាជននៅទីនោះទទួលស្គាល់ថា៖ ពួកគាត់ពិតជាមករស់នៅដោយគ្មានលិខិតស្នាមពិតប្រាកដមែន ដោយគិតស្មានជាដីរដ្ឋ ហើយបើរដ្ឋយកពេលណាពួកគាត់និងប្រគល់ឲ្យរដ្ឋវិញ។ អ្នកខ្លះទៀតចេះតែមកទិញតៗគ្នាតំលៃមួយកន្លែង២០០០ដុល្លារ ខ្លះមកជួលស្នាក់នៅ និងមួយចំនួនទៀតដឹងហើយ ឮហើយថាជាដីមានប័ណ្ណកម្មសិទ្ធស្របច្បាប់អ្នកដទៃ តែចេះតែមានចេតនាបំពានច្បាប់ និងប្រមូលគ្នាមកឲ្យបានច្រើន ដើម្បីបានជាចំនួនមនុស្សរស់នៅ ដូចជាភូមិស្របច្បាប់តែប៉ុណ្ណោះ។
ករណីនេះប្រសិនបើអាជ្ញាធរមិនមានវិធានទាន់ពេលនោះទេ ពួកឧទ្ទាមមួយក្រុមដែលកំពុងញុះញុុងឲ្យប្រជាជនចូលចាប់ដី និងតាំងលំនៅឋានបែបអនាធិបតេយ្យ នឹងក្លាយទៅជាតំបន់អប្បគមន៍ ខណះម្ចាស់កម្មសិទ្ធដីមិនអាចចូលទៅកាន់ដីរបស់ខ្លួនបាន ហើយអាជ្ញាធរមិនអាចចុះធ្វើស្ថិតិបាននោះ៕ សុខ ខេមរា