ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកឲ្យដំណើរការសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង) ដែលស្ថិតនៅផ្លូវជាតិលេខ1 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក លី ឆេងអគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
អគារប៊ែលធីទី១៨នេះ មានកម្ពស់ ៧ជាន់ ក្នុងនោះ ជាន់ក្រោមដី គឺជាចំណត និងមាន ៧២បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាលសិស្ស បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិទី១៨ ទទួលបានសិស្សចុះឈ្មោះចូលរៀនជិត ១.០០០នាក់ លើមានកម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)
កន្លងមកសាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖
ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនាច្បាប់ចរាចរណ៍ផ្លូវគោកនិងការយល់ដឹងពីគ្រឿងញៀន)
ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ)
ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា)
ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ)
ទី៥.កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស)
ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ
ទី៨.កម្មវិធីកីឡា (អប់រំកាយ តៃក្វាន់ដូ និងកីឡាបាល់ទាត់)។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលតែងតែគាំទ្រនិងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានីមួយៗ ដែលធ្វើឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
ជាទីបញ្ចប់ លោកបានប្រកាសបើកឲ្យដំណើរការជាផ្លូវការនូវ សាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង) ចាប់ពីថ្ងៃនេះតទៅ ៕ ស រស្មី