ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ទៀតហើយៗជិះម៉ូតូបុកគោយន្តដឹកឈើពេលយប់ ជំនាញគ្មានចំណាត់ការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្លាប់ឥតឈប់ឈរជាបន្តបន្ទាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើពេលធ្វើចរាចរណ៍លើផ្លូវកៅស៊ូឬផ្លូវជាតិនាយប់ ជាក់ស្តែងបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើ ខណៈជំនាញផ្នែកសណ្ដាប់ធ្នាប់គ្មានវិធានការទប់ស្កាត់។

ជាក់ស្តែងចុងក្រោយនេះ មានហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១.២២ នៅម្ដុំស្ពានក្រឡាប់ឡាន ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុលើកឡើងស្រឌៀងៗគ្នាថា មុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូ ១គ្រឿងឈ្មោះ ឃួន សាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃដឹកឈើ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា(ត្បូងទៅជើង) បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកភាគីខាងគោយន្តកន្រ្តៃដឹកឈើបានរត់គេចបាត់ស្រម៉ោល។

ប្រភពព័ត៌មានដដែលបន្តទៀតថា ចំពោះសាកសពជនរងគ្រោះឃើញសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីទទួលយកទៅចាត់ចែងតាមប្រពៃណី ដោយឡែក៖ វត្ថុតាងគោយន្តកន្រ្តៃដឹកឈើឃើញសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុកជាបណ្ដោះអាសន្ន។

ករណីជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើ ឬបើករថយន្តបុកគោយន្តកន្រ្តៃមិនដឹកឈើក្តី នៅគ្រាដែលធ្វើចរាចរណ៍នៅពេលយប់នាកន្លងមកនេះ គឺឧក្សាកើតឡើងច្រើនឥតឈប់ឈរបណ្ដាលឲ្យមានមនុស្សរងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ គេមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចឬមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធមានវិធានការក្ដៅនៅឡើយនោះទេ៕ ប៉ឹម ពិន


ចែករំលែក៖