ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ ៖ ថ្នាំពុលកសិកម្មខុសច្បាប់ត្រូវបាននាំចូលពីប្រទេសវៀតណាមរាប់សិបតោនក្នុងមួយថ្ងៃៗ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបានឲ្យ ដឹងកាលពីពេលថ្មីៗថា រហូតមកដល់ពេល នេះ នៅតែមានការនាំចូលថ្នាំពុលកសិកម្ម ខុសច្បាប់យ៉ាងគគ្រឹកគគ្រេង ពីប្រទេស វៀតណាម តាមច្រក ជ្រៃធំ ក្នុងស្រុកកោះធំ នៃខេត្តកណ្ដាល តាមរយៈការឃុបឃិត ចែកប្រយោជន៍គ្នា រវាងមន្ត្រីច្រក នឹង ផ្នែកជំនាញ។

បើតាមសេចក្ដីរាយការណ៍ថា ថ្នាំពុល រាប់សិបតោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញនាំចូលតាមច្រកខាងលើ ដោយពួកគេបានបង់លុយឲ្យមន្ត្រីឈរជើង នៅ​ចំណុចនោះគ្រប់ស្ថាប័ន ពិសេសមន្ត្រីផ្នែក កសិកម្ម, ហើយដែលថ្នាំពុលកសិកម្ម​ទាំងនោះត្រូវបានគេយកទៅចែកចាយ នៅក្នុងខេត្តកណ្ដាល និងខេត្តតាកែវ។

ទាក់ទងនឹងករណីនេះ លោក ប៊ុន នួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាលបានទទួលស្គាល់ថា ពិតជាមានការនាំចូល ថ្នាំពុលកសិកម្ម តាមច្រកខាងលើមែន, តែលោកបញ្ជាក់ថា ការនាំចូលនោះ មិន ពាក់ព័ន្ធនឹងលោកទេ ព្រោះមានសមត្ថកិច្ចច្រើនស្ថាប័នណាស់ ដែលឈរជើងនៅ ចំណុចខាងលើ ។

លោកថា លោកក៏មានកម្លាំងឈរជើង​នៅ​ទីនោះដែរ តែមន្ត្រីរបស់លោករួមទាំង​ រូបលោក​ផងមិនមានតួនាទីទៅឃាត់ក្រុម​ឈ្មួញទាំងនោះទេ គឺមានតែមន្ត្រីនគរបាល​យុត្តិធម៌តែប៉ុណ្ណោះ។

ចំណែកលោក ញឹប ស្រ៊ន ប្រធានមន្ទីរ​កសិកម្មខេត្តតាកែវ ក៏បានឲ្យដឹងដែរថា​ជាទូទៅ លោកបានដឹកនាំមន្ត្រីជំនាញ របស់​លោកចុះទៅអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដោយ​ហាម​​ដាច់ខាតមិនឲ្យមានការប្រើប្រាស់ ឬលក់​ដូរថ្នាំពុលកសិកម្ម ដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាមនោះទេ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖