ព័ត៌មានទាន់ហេតុការណ៍៖

ខឹងខ្ចីម៉ូតូឪពុកម្តាយជិះមិនបានវាយបែកបាក់ខ្ទេចខ្ទី

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ដោយសារខឹងយកម៉ូតូឪពុកម្តាយជិះដើរលេងមិនបាន បានស្ទុះទៅវាយកម្ទេចម៉ូតូបណ្តាលឲ្យបែកបាក់ខ្ទេចខ្ទីខូចខាតយ៉ាងដំណំ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

អំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភួង រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានសុំយកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ឡើងស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-5091 ដើម្បីជិះដើរលេង ប៉ុន្តែពេលនោះឪពុកម្តាយគេ មិនឲ្យធ្វើឲ្យ រូបគេ ខឹងសម្បា ក៏ស្ទុះយកដំបងទៅវាយបំផ្លាញម៉ូតូនោះបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរយ៉ាងដំណំ។

ក្រោយកើតហេតុ ឪពុកម្តាយជនសង្ស័យរូបនេះ ក៏បានទូរស័ព្ទហៅសមត្ថកិច្ចឲ្យមកនាំខ្លួនកូនប្រុសកំណាចរូបនេះយកទៅអប់រំ និងចាត់ការតាមច្បាប់ ដោយពួកគាត់បានប្រាប់ថា គាត់អស់ចិត្តនឹងកូនប្រុសម្នាក់នេះ ប្រដៅលែងស្តាប់ទៅហើយនោះ៕ ប្រាថ្នា


ចែករំលែក៖