ព័ត៌មានទាន់ហេតុការណ៍៖

ច្រកតំបន់គីឡូ១៣ភ្នំដី ស្រុកសពៅលូន ខេត្តបាត់ដំបង ឈមនិងច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវបានធ្វើពិធីបើកជាច្រកអន្តរជាតិផ្លូវការនោះហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៃកម្ពុជា និងអាជ្ញាធរ ខេត្តស្រះកែវនៃប្រទេសថៃ បានមកចាប់ដៃគ្នានៅលើស្ពានថ្មខណ្ឌដែនសីម៉ារវាងកម្ពុជា-ថៃ ធ្វើពិធីបើកច្រកអតំបន់គីឡូ១៣ភ្នំដីស្ថិតនៅស្រុកសំពៅលូន និងច្រកខៅឌីន ស្រុកខ្លងហាត ​ទៅជាច្រកទ្វារអន្តរជាតិ ផ្លូវការនោះហើយ។

​ក្រោយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានឯកភាពគ្នាឱ្យមានការបើកច្រកតំបន់មួយនេះជាច្រកអន្តរជាតិដើម្បផ្តល់ផលប្រយោជន៍រវាងប្រជាជននៃប្រទេសទាំង២។ពិធីនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ភាគីកម្ពុជា ដឹកនាំដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ចំណែកភាគីថៃដឹកនាំដោយ អភិបាលខេត្តស្រះកែវ លោក ផនផូត ផេនផាត។

​ក្នុងពិធីនោះដែរគេសង្កេតឃើញអភិបាលខេត្តនៃប្រទេសទាំង២ ក៏បានលើកឡើងនិងជម្រុញឱ្យមានការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាជ្ញាធរសមត្ថកិច្ច កម្ពុជា-ថៃដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការបើកច្រកអន្តរជាតិមានភាពរលូន ឈរលើគោលការច្បាប់។

​សូមបញ្ជាក់ថា ការបើកច្រកតំបន់គីឡូ១៣ភ្នំដី ស្រុកសំពៅលូន និងច្រកខៅឌីន ស្រុកខ្លងហាត ជាច្រកទ្វារអន្តរជាតិនោះ គឺដើម្បីលើកស្ទួយកាន់តែប្រសើរឡើងលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម​ និងទេសចរណ៍ ជាពិសេសសម្រួលនៃការឆ្លងដែនប្រកបមុខរបរចិញ្ចឹមជីវិតរវាងប្រជាជននៃប្រទេសទាំង២ កាន់តែមានភាពងាយស្រួល។

​ច្រកទ្វារព្រំដែន គីឡូ១៣ភ្នំដី ស្រុកសំពៅលូន និងច្រកខៅឌីន ស្រុកខ្លងហាត ត្រូវគេមើលឃើញដំណើរការសេដ្ឋកិច្ចឆ្លងកាត់គឺភាគច្រើនកម្ពុជា បាននាំចេញទៅប្រទេសថៃនូវផលិតផលកសិកម្ម ដូចជា ដំឡូងមី ពោធ សណ្តែក ខ្ទឹមស ស្វាយកែវរមៀត ម្ទេស ​ជាដើម។ចំណែកភាគីថៃនាំចូលកម្ពុជាវិញភាគច្រើនជាគ្រឿងសម្ភារៈសំណង់ ៕ សំ វិច្ឆិកា


ចែករំលែក៖