ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សាសម្តេចក្រឡាហោមសខេង អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ថ្លែងនៅក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាពនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយ អនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង លោក កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមសខេង និង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបើកបរ ឬ ធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ដើម្បីធានបាននូវសុវត្ថិភាព និង អាយុជីវិតរបស់ខ្លួន ក្នុងការធ្វើដំណើរ ។

លោកកែវ ពៅបានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កំណើននៃការធ្វើចរាចរណ៍នៅលើដងផ្លូវកាន់តែមានភាពមមាញឹកខ្លាំង ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនឹងឈានចូលមកដល់ ការធ្វើដំណើរកាន់តែច្រើនឡើងៗនៅលើដងផ្លូវ ហើយគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមខ្លាំងបំផុត ដែលអាចកើតឡើងបានយ៉ាងងាយ ក្នុងករណីដែលប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ ខ្វះការប្រុងប្រយ័ត្នដោយមិនបានគោរពច្បាប់ចរាចរណ៍ផ្លូវគោកនោះ ។

លោកកែវ ពៅ បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពក្នុងពេលមានករណីគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋដែលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ និង ម៉ូតូត្រូវមានកញ្ចក់មើលក្រោយ មិនត្រូវបើកបរហួសល្បឿនកំណត់ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពេលធ្វើដំណើរតាមរថយន្ត និង មិនត្រូវដឹកមនុស្សលើសចំនួនកំណត់នោះទេ និង ដឹកមនុស្សនៅលើដំបូលរថយន្តដែរ ការបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកនោះទេ ។ ការបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នទៅវិញទៅមក ។

នៅក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាពនេះ បានបំពាក់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ បានចំនួន៦០មួក និង បានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋជាច្រើនផងដែរ ។ គួរបញ្ជាក់ថា យុទ្ធនាការពាក់មួកសុវត្ថិភាពដែលធ្វើឡើងនាពេលនេះគឺជាលើកទី៩ហើយ ដែលអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានធ្វើនៅក្នុងខេត្តកំពង់ឆ្នាំង ៕ ចន្ថា


ចែករំលែក៖