ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្តដឹកកម្មករបេះផ្លែមៀន បណ្តាលឲ្យមនុស្សចាស់ក្មេងជាង៤០នាក់រងរបួសធ្ងន់និងស្រាលនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបងៈ កាលពីវេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងស្ថិតនៅក្បែរព្រំប្រទលប៉ៃលិន បាត់ដំបង ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឲ្យកម្មករបេះផ្លែមៀនប៉ៃលិន ជាង៤០នាក់ រងរបួសធ្ងន់ ស្រាល ក្នុងនោះ មានកុមារចំនួន ៦នាក់ផងដែរ ហើយក្រោយ ពេលកើតហេតុត្រូវបានគេដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកអ្នករងរបួសធ្ងន់ត្រូវបានត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង។

បើតាមជនរងគ្រោះប្រាប់ថា មូលហេតុរថយន្តមានបញ្ហាដាច់ចង្កូតរេធ្លាក់ចេញពីផ្លូវ។

ក្រោយពីត្រូវបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តប៉ៃលិន គេសង្កេតឃើញ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសាកសួរសុខទុក្ខ កម្មករបេះផ្លែមៀនប៉ៃលិន ដែលគ្រោះថ្នាក់ចរាចរណ៍ រង របួសធ្ងន់ និងស្រាលជាង ៤០នាក់ កំពុង សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។

លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានប្រសាសន៍ជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំព្យាបាលជូនពួកគាត់ ប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់បំផុត ហើយបើជនរងណាដែលធ្ងន់ធ្ងរហួសពីលទ្ធភាពរបស់មន្ទីរពេទ្យបង្អែកខេត្ត ត្រូវបញ្ជូនពួកគាត់ជាបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះផងដែរ លោក កើត សុធា ក៍បានសំដែងនូវការសោកស្តាយចំពោះឧប្បត្តិហេតុរងគ្រោះថ្នាក់ដែលបានបណ្តាលឲ្យមនុស្សរងរបួសធ្ងន់-ស្រាសជាច្រើននាក់បែបនេះ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកជំងឺ ខិតខំថែទាំសុខភាព និងព្យាបាល ដើម្បីឆាប់ជាសះស្បើយ ទៅប្រកបរបចិញ្ចឹមជីវិតវិញ ៕ សំ វិច្ឆិកា


ចែករំលែក៖