ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្តីចុងជាឃាតក កាប់ផ្ដាច់កញ្ចឹងក មនុស្សចំនួន៤នាក់ ទាំងយប់ រួចប្រមូលយកទ្រព្យសរុបជិតមួយមុឺនដុល្លាររួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយបានកើតឡើងនៅស្រុកត្បូងឃ្មុំ និងបានផ្ដាច់យកជីវិតមនុស្សមួយគ្រួសារសរុប៤នាក់ ឈាមស្រោចពេញលើផ្ទះ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល នៅក្នុងផ្ទះក្បឿងមួយកន្លែង ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ភ្ញាក់ផ្អើលនៅវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូង លើករណីឃាតកម្មសម្លាប់មនុស្សចំនួនបួន នាក់(កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់)គឺអាចជាប្តីចុងអ្នកប្រព្រឹត្ត ។

លោកវរសេនីយ៍ តូ ឆៃលាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានជនល្មើស កាប់សំដៅក ស្លាប់ទាំងបីនាក់នៅលើផ្ទះតែម្តង។ ទី១ ជាម្តាយឈ្មោះ ឃាង សុកលាន អាយុ ៤២ ឆ្នាំ(កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់ទៀត) ទី២. ជាកូនដើមឈ្មោះ ធឿន វណ្ណ: ភេទប្រុស អាយុ ១៧ ឆ្នាំ និងទី៣. ធឿន ធារី ភេទប្រុស អាយុ ១១ ឆ្នាំ។

លោកមេបញ្ជាការបានឲ្យដឹងទៀតថា តាមការពិនិត្យកន្លែងសម្លាប់ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពនៅពេលជនរងគ្រោះទាំងនោះ កំពុងដេកលង់លក់។ ដោយបានកាប់សំដៅកទាំងអស់ នៅចន្លោះម៉ោងប្រហែលពី ១ ទៅ ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ ។

ក្រោយពីសម្លាប់ជនរងគ្រោះហើយជនសង្ស័យគឺបានប្រមូលយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រហែលជិតមួយម៉ឺន ដុល្លារ រួចគេចខ្លួនបាត់ ។

ប៉ុន្តែសមត្ថកិច្ចទើបទទួលបានព័ត៌មានឃាតកម្មខាងលើនេះនៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ស្រ្តីជាបងរបស់ជនរងគ្រោះ ឃាង សុកលាន បានទៅរាយការណ៍បា្រប់សមត្ថកិច្ចនគរបាល។

តាមការស៊ើបអង្កេតបឋមរបស់មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថបានសន្និដ្ឋានថា ជនសង្ស័យជាឃាតក គឺជាប្តីចុងរបស់ជនរងគ្រោះ ដែលមានឈ្មោះ ជ្រាំង ភូ អាយុ ៤៨ ឆ្នាំ ហើយក៏ជាឪពុកទារកនៅក្នុងផ្ទៃស្រ្តីជាម្តាយ មានស្រុកកំណើត នៅភូមិ អកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

បច្ចុប្បន្នសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ បែន រត្ន័ បានតាមប្រមាញ់ជនសង្ស័យជិតបានហើយ ៕ វណ្ណះ


ចែករំលែក៖