ភ្នំពេញ៖លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នេះ ពុំទាន់សម្រេចចោទប្រកាន់ជនសង្ស័យ៥នាក់ ដែលមានលោកឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ម្នាក់ផងនោះទេ ពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីស្រស់ស្អាតនៅក្រុងដូនកែវ ខេត្តតាកែវ ឈ្មោះ ចេវ សុវឌ្ឍនា នៅឡើយទេ ។
មន្ត្រីតុលាការ ថ្លែងថា ព្រះរាជអាជ្ញារង សៀង សុខ អាចសម្រេចចោទប្រកាន់ក្រុមជនសង្ស័យទាំងអស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ ។
ដោយឡែកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ក៏ស្ថិតក្នុងសំណុំរឿងនេះផងដែរ ហើយអាចពាក់ព័ន្ធជាឃាតកដៃដល់ថែមទៀតផង ។ ទោះយ៉ាងណា ការសម្រេចយ៉ាងណានោះ ជាការសម្រេចរបស់ស្ថាប័នតុលាការ ។
លោក ឡាយ វណ្ណៈ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្នុងទឹកដីខេត្តតាកែវ ក្រោយពិធីបញ្ចប់ដំណែងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួននេះ លោកព្រះរាជអាជ្ញារង សៀង សុខ បញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច នាំខ្លួនបុគ្គល ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ ជាមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តតាកែវ មកបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដើម្បីសាកសួរពីដំណើររឿងឃាតកម្ម កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិគោករកា សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានទទួលសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ។
លោក ឡាយ វណ្ណៈ បានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោក នាល្ងាចថ្ងៃទី៣១ ខែមីនានេះ យ៉ាងដូច្នេះ “ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ក្រោយមកដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ នេះជារឿងពិត ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថារូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា”។
បន្ទាប់ពីមានការដាក់សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកស្រី ចេវ សុវឌ្ឍនា គ្រាដែលបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ រួមនិងមនុស្សពាក់ព័ន្ធ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននោះ លោក ឡាយ វណ្ណៈ បានចេញមកច្រានចោលនូវការសង្ស័យនេះ។ តែលោកបានឆ្លើយសារភាពថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។
របាយការណ៍កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះមាន ឈ្មោះ ចាន់ រី ភេទ ស្រី និង ប្តី ឈ្មោះ ជឹម វុ ធ ជា អ្នកបំរើ នៅផ្ទះ នាង ចេ វ សុ វ ឌ្ឍ នា , ឈ្មោះ មេន សម័យ អ្នកបើក ឡាន ឲ្យ លោក ឡាយ វណ្ណៈ និង ឈ្មោះ តាក់ រតនា ជា អ្នកបើក ឡាន ឲ្យ លោក ឡាយ ណា រិ ទ្ធ គឺ របាយការណ៍ បាន ចោទប្រកាន់ ពីបទ លាក់បាំង បទល្មើស មិន រាយ កាណ៍ ឲ្យ សមត្ថកិច្ច ៕ ចេស្តា