ខេត្តកំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក កង ចាន់ថន អនុប្រធាននាយកដ្ឋានវិស្វកម្ម និងមានការចូលរួមពីមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញ ទំនប់ជណ្តើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
គួររំលឹកផងដែរថា ទំនប់ជណ្តើរកាច់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់ឡើងវិញ សម្រាប់បម្រើឱ្យការស្រោចស្រពនៅក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ការងារដែលត្រូវអនុវត្តមាន សាងសង់ឡើងវិញទំនប់អាងទឹកប្រវែង ២.២០០ ម និងបំពាក់សំណង់សិល្បការតូចធំ សរុបចំនួន ០៥ កន្លែង ។ នៅពេលសាងសង់ឡើងវិញរួច ទំនប់នេះ នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៦៧៤ ហត និងស្រូវប្រាំង ១.៤៤៩ ហិកតា ៕