ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកម្មសម្លាប់មនុស្សយកទៅបោះចោលទាល់តែស្អុយអត់អ្នកណាស្គាល់

ចែករំលែក៖

ខេត្តកណ្តាលៈ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញក្នុងសភាពស្អុយរលួយសល់តែគ្រោងឆ្អឹង បង្កឲ្យមានរការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកផ្នែកកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា សាកសពជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលចន្លោះពី៤០ទៅ៥០ឆ្នាំ (មានស្ថានភាពរលេះរលួយសាច់) ស្លៀកខោខូវប៊យជើងវែង ពណ៌ខៀវ ,ក្រណាត់យឺត ,ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន) អត់មានពាក់អាវ ។

ប្រភពដដែលបន្ដថា ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍អរិយក្សត្រ បានសហការជាមួយកម្លាំងផ្នែកកោសល្យវិច្ច័យស្រុក និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានចុះមកធ្វើការពិនិត្យសាកសពឃើញថា សាកសពដេកផ្កាប់មុខ ,ដៃស្តាំមានស្នាមចាក់សាក់នៅលើកំភួនដៃ(រូបផ្កាកូលាប) ,ក្បាលផ្នែកខាងក្រោយមុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខ លើចុងចិញ្ចើមខាងឆ្វេង) ,ក្នុងហោប៉ៅខោខាងស្តាំ មាននាឡិកាដៃមួយ ពណ៌ស ,សក់វែងស្លូត ,ធ្មេញធំរដិករដុបប្រហោងមិនស្មើ ,ស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលើជើងសក់ផ្នែកខាងក្រោយកាត់ទទឹងលើស្លឹកត្រចៀកខាងឆ្វេងមកដល់លើចិញ្ចើមខាងស្តាំ មានស្នាមបាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជាពីរកំណាត់ដាច់ចេញពីគ្នា ,បាក់ភ្លៅខាងឆ្វេងលើក្បាលជង្គង់ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ករណីខាងលើនេះ គឺជាករណីឃាតកម្ម ។

ករណីខាងលើនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងស្រាវជ្រាវស៊ើបអង្កេតដើម្បីរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចយកទៅកប់នៅវត្តឧទុម្ពរ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ៕ ស្អាងជ័យ

 


ចែករំលែក៖