ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារការធ្វេរប្រហែសរបស់អ្នកបើកបរ បណ្ដាលឲ្យរថយន្ត៣គ្រឿងនិងម៉ូតូឡាំប្រឺតាមួយគ្រឿង រងការខូចខាត ខណៈដែលបុរសម្នាក់ បានបើករថយន្តខ្វះការប្រុងប្រយ័ត្ន រវល់លូកដៃចាប់កូន ក៏ជ្រុលទៅបុកគូទម៉ូតូឡាំប្រឺតា និងរថយន្ត កំពុងឈប់ស្តុបពីក្រោយ តកន្ទុយគ្នា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបតាមបណ្តោយផ្លូវ៥៩៨កែងនិងផ្លូវ៣៣៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តពីរគ្រឿង និងម៉ូតូឡាំប្រឺតា(ម៉ូតូឥណ្ឌា)មួយគ្រឿងទៀត ដោយរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-0487 ដែលបើកបរដោយបុរសម្នាក់ និងរថយន្តមួយគ្រឿងទៀតម៉ាក តូយូតា ហាយឡែនឌ័រ ពណ៌ទឹកប៊ិចខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2AO-5250 បើកបរដោយបុរសម្នាក់ឈប់ ខាងក្រោយរថយន្តកាមរីបាឡែន ចំណែកម៉ូតូឡាំប្រឺតា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1GR-0434 បើកបរដោយបុរសម្នាក់ និងភ្ញៀវជនជាតិចិនពីរនាក់ ។ ដោយរថយន្តនិងម៉ូតូទាំងបីគ្រឿងខាងលើ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឈប់បន្តបន្ទាប់គ្នារងចាំស្លាកសញ្ញាភ្លើងស្តុប ស្រាប់តែភ្លាមនោះមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ិស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-7818 បើកបរដោយបុរសម្នាក់ និងកូនតូចម្នាក់ បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូឡាំប្រឺតា បណ្តាលឲ្យបុកបន្តកន្ទុយគ្នា ធ្វើឲ្យម៉ូតូឥណ្ឌារងការខូចខាតក្រពឹតផ្នែកខាងមុខ និងខាងក្រោយ និងរថយន្តហាយឡែនឌ័រការខូចខាតក្រពឹតផ្នែកខាងមុខ និងខាងក្រោយ រថយន្តបាឡែន រងការខូចខាតក្រពឹតកាងផ្នែកខាងក្រោយចំហៀងឆ្វេង ។
ចំណែករថយន្តបង្ករងការខូចខាតបែកកញ្ចក់ និងក្រពឹតកាងផ្នែកខាងមុខ អ្នកបើកបររងរបួសបែកក្បាលផងដែរ ។
បើតាមសម្តីពីបុរសដែលជាអ្នកបើករថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើកបរថយន្តខាងលើជាមួយនិងកូនស្រីតូចរបស់គាត់ ហើយលុះពេលមកដល់ចំណុចកើតហេតុគាត់រវល់តែលូកដៃចាប់កូនស្រី ដែលអង្គុយនៅកៅអីខាងមុខជាមួយគាត់ហើយក៏បណ្តាលឲ្យជ្រុលទៅបុកម៉ូតូឡាំប្រឺតាពីក្រោយតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានក៏ដូចសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងនិយាយចរចាដោះស្រោយគ្នា។ ប៉ុន្តែភាគីទាំងសងចរចាដោះស្រាយគ្នាអស់រយៈពេលជិតពីរម៉ោងនៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែងយកយានយន្តបង្ក និងរងគ្រោះទាំងបួនគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគររាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ស តារា