ខេតកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ស្ត្រីម្នាក់បានអង្គុយរវើរវាយនិយាយស្តីខុសខ្លះ ត្រូវខ្លះថា រូបគាត់ចាញ់បោកគេអស់ប្រាក់5.500.000រៀល, ក្រវឹលមាសមួយគូទម្ងន់១ជី និងចិញ្ចៀនប្លាទីន២វង់ អស់គ្មានសល់ ។
ប្រភពពីស្ត្រីម្នាក់ដែលធ្វើដំណើរមកជាមួយគ្នាបាននិយាយប្រាប់អ្នកយកព័ត៌មាននគរវត្តថា ស្ត្រីរងគ្រោះឈ្មោះ ផេង រ៉ាអាយុ៣៣ឆ្នាំ ជាកម្មករសំណង់ នៅម្តុំផ្សារព្រៃទទឹង ក្នុងស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។
ប្រភពឲ្យដឹងថា ស្ត្រីពីរនាក់ ម្នាក់ដើរតួជាអ្នកបាត់មាស និង ម្នាក់ទៀត ជាអ្នករើសបានមាស ។ ស្ត្រីដើរតួជាអ្នកបាត់មាសបាននិយាយសួរនាំស្ត្រីរងគ្រោះថា បងដើរតាមក្រោយខ្ញុំមិញ មានបានរើសកាបូបដាក់លុយ និងមាសខ្ញុំទេ បើរើសបានខ្ញុំសុំវិញ ខ្ញុំនឹងជូនសាគុណ ។ និយាយរួច ហើយ ស្ត្រីដើរតួជាអ្នកបាត់មាស ដើរចេញបាត់ទៅ ស្ត្រីដើរតួរើសមាសបានមកដល់ ហើយស ក៏កេះសួរស្ត្រីរងគ្រោះថា ស្ត្រីមិញសួររឿងអី ស្រ្តីរងគ្រោះបានឆ្លើយថា គាត់បាត់មាស ភ្លាមនោះ ស្ត្រីដើរតួជាអ្នករើសមាស បានបង្ហាញកញ្ចប់មាស ដូចការរៀបរាប់ប្រាប់ពីស្ត្រីម្នាក់នោះមែន ហើយនិយាយថា កុំប្រាប់គេ ចាំខ្ញំចែកឲ្យខ្លះ ថាហើយ ស្ត្រីឆបោកបាននិយាយតិចៗថា កុំចែកនៅកន្លែងហ្នឹង ខ្លាចគេឃើញ ភ្លាមនោះ ស្ត្រីទាំងពីរបានឡើងជិះម៉ូតូឌុប ប្រហែល២០០ម៉ែត្រពីផ្សារ ក៏បានប្រាប់ស្ត្រីរងគ្រោះថា ឥឡូវបងឯងយកខ្សែកប្រហែលមួយតំឡឹងនេះទៅ ហើយអាប់អោយខ្ញុំខ្លះវិញមក ស្ត្រីរងគ្រោះឮដូច្នេះ ក៏យល់ព្រម តាមការដោះដូរ។
ខណៈនោះ ស្ត្រីឆបោកក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលទុកឲ្យស្ត្រីរងគ្រោះនិយាយរវើរវាយតែម្នាក់ឯង។
ជុំវិញករណីខាងលើនេះ ពលរដ្ឋនៅផ្សារកំពង់កន្ទួតបានលើកឡើងថា ករណីនេះបានកើតមានបីបួនឆ្នាំមុន ឥឡូវកម្រើកវិញហើយ ដូច្នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែលប្រចាំការនៅទីនោះ គួរមានវិធានការណ៍ទប់ស្កាត់ផង ៕ ឡូ សសំអាត