ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសម្នាក់បញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាល ខណៈដែលសង្ស័យប្រចណ្ឌប្រពន្ធរត់ទៅដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់ ប៉ុន្តែយឹតពេលទៅហើយ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ ពង្រ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកបានប្រាប់កាសែតនគរវត្តថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ អុិន សុក អាយុ៣៩ឆ្នាំ មុខរបរកសិករមាន ប្រពន្ធឈ្មោះ រ័ត្ន សាវឿន អាយុ៣៩ឆ្នាំ រស់នៅភូមិពង្រ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពបន្តថា ចំពោះផ្ទះដែលខូចខាតមានទំហំទទឹង៥ម៉ែត្រគុណនឹង៦ម៉ែត្រ ជញ្ជាំងស្លឹកប្រក់ដំបូលសង្កសីឆេះទាំងស្រុង ។
បើតាមជនសង្ស័យជាប្ដីបានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះចោលមែនដោយសារតែប្រចណ្ឌ និងប្រពន្ធជាមួយអ្នកជិតខាង ណាមួយស្រវឹងស្រាផង និងមានជម្លោះជាមួយប្រពន្ធ ទើបដាច់ចិត្តគិតខ្លីធ្វើបែបនេះតែម្ដង ។
សូមបញ្ជាក់ថា ក្នុងករណីនេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែមិនដឹងសរុបថវិកាប៉ុន្មាននៅឡើយ។
បច្ចុប្បន្នជនសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលធ្មាដើម្បីកសាងសំណំុរឿងតាមច្បាប់ ៕ យឹម សុថាន