ប៉ោយប៉ែត៖ ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងផ្ទុកគ្រឿងសម្ភារសំណង់របស់ក្រុមហ៊ុន(R&ZT)បំពាក់ខុនដូខាតអស់រាប់សែនដុល្លារ កាលពីរសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភ្លំ១០០ ចម្ងាយពីព្រំដែនកម្ពុជា- ថៃ ប្រហែលជា១០០ម៉ែត្រ ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមសេចក្តីរាយការពីសមត្ថកិច្ចប្រាប់ថា នៅកន្លែងកើតហេតុគេសង្កេតឃើញអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច គ្រប់ស្ថាបន័ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ដែលជារបស់កាស៊ីណូចំនួន៤គ្រឿង និងជារបស់នគរបាលក្រុងប៉ោយប៉ែត១គ្រឿង ទើបឈានដល់គ្រប់គ្រងស្ថានការបាននៅម៉ោង៦និង៣០នាទីយប់ថ្ងៃដដែល។
ក្នុងហេតុការណ៍នោះម៉ូតូម៉ាកសង់ចំនួន២គ្រឿង ជារបស់កម្មករត្រូវអគ្គិភ័យឆាប់ឆេះ តែមិនបណ្ថាលឲ្យកម្មករ ឬប្រជាពលរដ្ឋណាស្លាប់ក្នុងហេតុការណ៍នោះទេ។
ការដែលឆាប់ឆេះនោះ សមត្ថកិច្ចប្រាប់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ មុនកើតហេតុ គេសង្កេតឃើញអណ្ថាតភ្លើងឆេះចេញពីដំបូល បន្ទាប់មក ក៏រាលដាលដល់សម្ភារសំណង់គ្រប់ប្រភេទ នៅក្នុងឃ្លាំងស្តុកឥវ៉ាន់បណ្ដាលឲ្យខូចខាតសម្ភារគិតជាទឹកប្រាក់រាប់សែនដុល្លារ ។
ឃ្លាំងស្តុកគ្រឿងសំណង់ខាងលើនោះ មានទំហំ២៥ម៉ែត្រគុណ៣០ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន R&ZT ហើយគ្រឿងសំណង់នោះ ជាគ្រឿងបំពាក់ខុនដូ ៨ជាន់ ដែលទើបសង់ថ្មី ៕ វណ្ណា