ភ្នំពេញ ៖ កាលពីខែមីនា ឆ្នាំ២០១៨ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បាន រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន២៤០គ្រឿង និងពិន័យបានថវិកាសរុបចំនួន៤៦៥.៦២០.០០០រៀល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា យើងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៦៤គ្រឿង គឺពី ៣០៤ គ្រឿង ក្នុងខែកុម្ភៈ មក២៤០គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៨ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់ ៣២តោន ។
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត-ក្រុង ទាំងអស់ ចាប់រថយន្ត តទ្រុង និងដឹកលើសទម្ងន់ ចាប់ពីម៉ោង០០យប់នេះតទៅ៕ ហេង នរិន្ទ្រ