ព័ត៌មានទាន់ហេតុការណ៍៖

យប់ថ្ងៃចូលឆ្នាំទី៣មានអគ្គិភ័យឆេះបន្ទប់ដាក់សម្ភារប្រឡងនៅវត្តចាស់ខ្ទេចទាំងស្រុង

ចែករំលែក៖

ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលមួយ ដែលមានអគ្គិភ័យបានឆាបឆេះបន្ទប់ដាក់សម្ភារប្រឡងរបស់ព្រះសង្ឃក្នុងវត្តមហានិគ្រោធ (ហៅវត្តចាស់) ស្ថិតនៅជាប់ផ្លូវជាតិលេខ៦ ក្នុងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលបណ្តាលឲ្យឆេះខ្ទេចទាំងស្រុងតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានពីព្រះសង្ឃគង់ក្នុងវត្តខាងលើបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ឃើញភ្លើងឆេះចេញពីបន្ទប់មួយនៅក្រោមកុដិក្នុងវត្ត ក្លិនឈ្ងៀម ទើបព្រះសង្ឃចុះពីលើកុដិគ្រប់អង្គ មកជួយពន្លត់ តែពន្លត់មិនឈ្នះ ក៏ហៅរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ ទើបភ្លើងរលត់ស្ងប់ស្ងាត់ទៅវិញ។

ព្រះសង្ឃ និងលោកអាចារ្យបានរាយការណ៍ឲ្យដឹងថា សម្ភារដែលឆេះខូចខាត រួមមានអង្ករមួយតោន និងសម្ភារជាច្រើនមុខ ប្រដាប់ប្រឡង បើគិតជាប្រាក់អស់ប្រមាណជិត៣ពាន់ដុល្លារអាមេរិក ។

ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានស្រាវជ្រាវដឹងថា អាចបណ្តាលមកពីករណីទុស្សេខ្សែភ្លើង ៕ ឡូ សំអាត


ចែករំលែក៖