ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវជាតិ-អន្តរជាតិជាង៨ម៉ឺននាក់ទៅកម្សាន្តខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋ ដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិរយះពេលបីថ្ងៃ​ មានសភាពច្រើនកុះករ​ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន​ សែន​ ជាប្រមុខបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ជាពិសេសការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិ​ ឆ្នាំច​ សំរឹទ្ធស័ក.ព.ស.២៥៦២.គ.ស.២០១៨ដែលបានបង្ហាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិឱ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជាដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

លោកង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា ភ្ញៀងទេសចរណ៍ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយ:ពេល ៣ថ្ងៃ(​ ១៣.១៤ .១៥ ) មានចំនួន ៨០៣៨១ នាក់ កើនឡើង​ ៦.៧% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន​ ៧៩៦៦៤ នាក់ កើនភ្ញៀវអន្តរជាតិមានចំនួន៧១៧នាក់មានការកើនឡើង​ ។

លោកង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនឲ្យមានការតំឡើងថ្លៃនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិឆ្នាំ២០១៨នោះទេ ។

ប៉ុន្ដែនៅតែមានអ្នកបម្រើសេវាម្ហូបអាហារ និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការកំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ​ ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិឆ្នាំច​ សំរឹទ្ធស័ក.ព.ស.២៥៦២.គ.ស.២០១៨រយះពេលបីថ្ងៃអាជ្ញាធរខេត្តរតនគិរីបានរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តយក្ខឡោម​ ដោយមានពិធីលេងល្បែងប្រជាប្រីយ៍​ មានដូចជា​ បោះអង្គុញ​ ចោលឈូង​ លាក់កន្សែង​ ទាញ់ព្រាត់​ ដណ្តើមស្លឹកឈឺ​ វាយក្អម​ ឡើងសរសរខ្លាញ់ និងប្រណាំងកង់យឿតជាដើម​ ។ ក្រៅពីនេះ ក៏មានទស្សនីយ៍ភាពសិល្បៈ ការរាំលេងកំសាន្តសប្បាយ ហើយនៅពេលរាត្រី ក៏មានពិធីបាញ់កាំជ្រួចដើម្បីអបអរសាទរការផ្លាស់ប្តូរឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី សុំសេចក្តីសុខ សេចក្តីចំរើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូលផងដែរ​ ៕ ប៉ឹម ពិន


ចែករំលែក៖