ព័ត៌មានទាន់ហេតុការណ៍៖

បុកខ្ទេច បុកខ្ទី បុកហើយនាំគ្នារត់បាត់អស់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដ​មួយ​គ្រឿង បាន​បើក​បុកឡើង​លើ​ខឿន​សួន​ច្បារកណ្ដាលផ្លូវ និងបុកដើមផ្កាបាក់អស់ជាច្រើនដើម និងបុកបង្គោលស្លាកប៉ាណូបាក់រាបដល់ដី បុកហើយជនបង្កបើកទ្វារឡានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជិត៥ទៀបភ្លឺ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបុរីហ្គ្រេនជ្រោយចង្វា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6 សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្ក ម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-9266 ដែលបើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរស២នាក់ទៀត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគឺ រថយន្តបង្ក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6 ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកខឿន​ឡើងលើសួន​ច្បារកណ្ដាលផ្លូវ និងបុកដើមផ្កាបាក់អស់៣ដើម និងបុកបង្គោលស្លាកប៉ាណូបាក់មួយដើមទៀត ចំណែករថយន្តរងការខូចខាតដាច់កង់មុខចេញពីរថយន្ត តែមិនបានបង្កឲ្យមានមនុស្សរងរបួស ។

បន្ទាប់ពីកើតហេតុ អ្នកបើកបរ និងរួមដំណើរបានចុះគេចខ្លួនបាត់អស់ ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖