ភ្នំពេញ៖ ទីតាំងអុីនធើណេតគឺជា កន្លែងបើកល្បែងស៊ីសង ភ្នាល់តាមអន ឡាញ និងជាជម្រកផ្តល់មធ្យោបាយឲ្យជនល្មើសជ្រកកោន ដោយសារតែបើកបម្រើ ការ២៤ម៉ោង លើ២៤ម៉ោង។ អុីនធើរ ណេត ២៤ម៉ោង លើ២៤ម៉ោង ដែលមាន ស្លាកជាអក្សរ 9K សេវាអុីនធើរណេត បានបើកជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ យ៉ាងហោចណាស់ក៏មានបើក៣ ទៅ៤ កន្លែងដែរ។
នៅក្នុងទូទាំងខណ្ឌឫស្សីកែវ ជាពិសេស សង្កាត់ទួលសង្កែ មានទីតាំងអុីនធើណេតភ្នាល់ល្បែងស៊ីសង តាមអនឡាញជាច្រើន តាមផ្លូវធំៗ ផ្លូវលំ ច្រកឌឿងហែម បើកជា លក្ខណៈចំហរតែម្តង ពិសេសទីតាំងអុីនធើ ណេត 9K សេវាអុីនធើណេតនេះ តាម ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ ទីតាំងនីមួយៗ មានអ្នកមើលការខុសត្រូវ ឬអ្នកគ្រប់គ្រងគ្រប់កន្លែងទាំងអស់ ពួក គេមានអំនួត មិនខ្លាចរអារ ជាមួយសមត្ថ កិច្ចថ្នាក់ក្រោមៗនោះទេ ដោយសារគេ ស្គាល់ទាបបំផុត ក៏ចាប់ពីថ្នាក់អធិការ អភិ បាលខណ្ឌ ឡើងលើឯណោះ មិនដឹងថា គេមានឥទ្ធិពល ឬក៏ប្រើអំណាចទឹកប្រាក់ ក្នុងកម្រិតណានោះទេ។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែង ស៊ីសង គឺជាប្រភពផ្តើមចេញឲ្យមានបទ ល្មើស ហើយអនុញ្ញាតិឲ្យបើក មិនបង្ក្រាប គឺជាកំហុសធ្ងន់ធ្ងរ និងមិនអនុវត្តទៅតាម គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិ ភាព។
សូមបញ្ជាក់ថា ខណ្ឌឫស្សីកែវ ជាខណ្ឌមួយដែលមានភូមិសាស្រ្តស្មុគស្មាញ និងជាកន្លែងដែលសម្បូរទៅដោយបទល្មើសទៀតផង ព្រោះមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងមានអុីនធើណេត២៤ម៉ោង និងហាង បញ្ចាំជាច្រើនកន្លែងទៀតផង។
ប្រជាពលរដ្ឋម្នាក់បានលួចប្រាប់សារ ព័ត៌មានយើងថា សមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ក្រាបតែកន្លែងណាដែលមិនបង់លុយឲ្យពួកគេតែប៉ុនណោះ កន្លែងណាបង់រាល់ខែមិនបង្ក្រាបនោះទេ។
កន្លងមកលោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បញ្ជាដល់ សមត្ថកិច្ចពាក់ព័ន្ធពិសេសសមត្ថកិច្ចមូលដ្ឋានត្រូវត្រួតពិនិត្យ ហាងបញ្ចាំ២៤ម៉ោង និងហាងអុីនធើណេត២៤ម៉ោង ដែល បង្កប់ល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែសម្តី របស់លោកអភិបាលរាជធានីភ្នំពេញ ដូច ជាគ្មានប្រសិទ្ធភាពសោះ ព្រោះហាងបញ្ចាំ ២៤ម៉ោង និងអុីនធើណេត ២៤ម៉ោង នៅតែមាន និងរីកស្អេកស្កះពេញរាជធានីភ្នំពេញ៕ ហេង នរិន្ទ្រ