ប៉ោយប៉ែត៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះចំនួន១២គ្រួសារនៅភូមិទំនប់ ក៥សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានគ្រឿងបរិភោគ និងឧបភោគ ពីលោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតកាលពីព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។
នៅក្នុងការចែកជូនគ្រឿងបរិភោគ និងឧបភោគនោះមានការចូលរួមពីលោកមែន សោភណ័្ឌ អភិបាលរងក្រុងប៉ោយប៉ែត និងលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត ព្រមទាំងកម្លាំងសមត្ថកិច្ចក្រោមឱវាទផងដែរ ។
លោកមែន សោភណ្ឌ័ អភិបាលរងក្រុងប៉ោយប៉ែតមានប្រសាសន៍ថា លោកអរគុណដល់លោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត ម្ចាស់ជំនួយបានចែករំលែកថវិកាផ្ទាល់ខ្លួន យកទៅទិញគ្រឿងឧបភោគ និងគ្រឿងបរិភោគជាច្រើនយកផ្ដល់ជូន ពុក ម៉ែ ដែលជួបនៅគ្រោះមហន្តរាយ ដោយខ្យល់កន្ត្រាក់រលំផ្ទះកាលពីដើមខែកន្លងមករួមទាំងខាតបង់ពេលវេលារកស៊ី ដោយមើលឃើញពីទុក្ខលំបាកបែបនេះហើយ ទើបលោកមេប៉ុស្តិ៍ និងក្រុមគ្រួសារលោក ជួយចែករំលែកទាន់ពេលវេលា ដែលពួកគាត់ទន្ទឹងរង់ចាំ ។
នៅក្នុងការផ្ដល់ជូនដល់បងប្អូនដែលជួបផលលំបាក់នោះ លោកមេប៉ុស្តិ៍បានផ្ដល់ជូនក្នុងមួយគ្រួសារអង្ករ២៥គីឡួក្រាម, មីមួយកេះ, ប្រេងឆា១ដប៥លីត្រ, ទឹកត្រី១យួរ៦ដប ទឹកស៊ីអ៊ីវ១យួ៦ដប, ទឹកសុទ្ធ២យួ, ត្រីខ៥កំប៉ុង, សារ៉ុង១, ក្រម៉ា១, ប៊ីចេង១គីឡូក្រាម, ស្ករស១គីឡូក្រាម, អំបិល១គីឡូក្រាម និងថវិកា១០ម៉ឺនរៀល។
លោកបញ្ជាក់បន្ថែមថា ក្នុងនាមលោក និងក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយបងប្អូនប្រជាពលរដ្ឋយើងជួបបញ្ហាប្រឈមភ្លាមៗតែម្ដង ក្នុងនោះ ពលរដ្ឋដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ៤គ្រួសារ ក្នុងចំណោម១២គ្រួសារ ត្រូវបានលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែអំពាវនាវគៀងគរ សប្បុរសជន រួមទាំងថវិកាផ្ទាល់ខ្លួនរបស់លោក ដើម្បីសង់ផ្ទះជូនពួកគាត់មួយគ្រួសារទំហំ៤គុណ៥ម៉ែត្រ ធ្វើអំពីឈើដំបូលប្រកសង្កសីចំណាយទឹកប្រាក់១៧៥០ដុល្លារ សរុប៤ខ្នង ផ្ទះចំណាយទឹកប្រាក់អស់៧០០០ដុល្លារ ។ ចំណែក៨គ្រួសារទៀត ដែលមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ទទួលបានសង្កសីមួយគ្រួសារ១០សន្លឹកផងដែរ ៕ វណ្ណា