ភ្នំពេញ ៖ នាងម្នាក់រួមដំណើរនិងមិត្តភក្តិពីរនាក់ទៀតបើកឡានស្ទើរភ្លើងគេចពីម៉ូតូជ្រុលចង្កូតទៅពន្លះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តបង្កខ្ទេចផ្នែកខាងមុខកង់ខាងឆ្វេងទៅមុខលេងរួច តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
សាក្សីថា ឃើញរថយន្តម៉ាកឡិចស៊ីសRX៣៥០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5052 បើកបរដោយនារីម្នាក់ និងរួមដំណើរពីរនាក់ទៀត តាមផ្លូវកម្ពុជាក្រោមពីកើតទៅលិច បានគេចពីម៉ូតូមួយគ្រឿង បើកនៅខាងមុខ ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវខូចខាត១កង់ ហើយឡានមិនអស់ល្បឿង ជ្រុលទៅមុខប្រមាណជាង១០ម៉ែត្រទៀតទើបឈប់ ។ ឡានបង្កនេះខ្ទេចកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលេងរួច។ ហេតុការណ៍នេះមិនឲ្យមានអ្នករងរបួសនោះទេ ខូចខាតទ្រព្យសម្បតិ្តសាធារណៈប៉ុណ្ណោះ។
សមត្ថកិច្ចបានចុះមកឃាត់ខ្លួនម្ចាស់រថយន្តបង្កប៉ុន្តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែករថយន្តត្រូវយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕ សុខាសែនជ័យ