ព័ត៌មានទាន់ហេតុការណ៍៖

ឈើកោងវ័ល្លិ៍ព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីថៅថែហាងម៉ាស្សាម្នាក់បានជួបស្ត្រីម្នាក់ដោយចៃដន្យ ដោយឃើញអាណិតទើបហៅមកធ្វើការជាមួយឲ្យទាំងកន្លែងស្នាក់នៅបាយហូបចុក តែផ្ទុយទៅវិញបែរជាមកលួចយកលុយ និងទូរស័ព្ទព្យាយាមរត់គេចខ្លួន តែម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សួសពិខា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ៣ថ្ងៃ ជនរងគ្រោះបានធ្វើដំណើរឆ្លងកាត់វត្តភ្នំ ស្រាប់តែប្រទះឃើញជនសង្ស័យឈរតាមដងផ្លូវ ដោយឃើញអាណិតទើបហៅមកធ្វើការជាមួយ ។

សាក្សីបន្តថា លុះមកដល់ថ្ងៃកើតហេតុ ខណៈរូបគាត់ចេញក្រៅផ្ទះដោយទុកទូរស័ព្ទម៉ាកiPhone 8 និងម៉ាកសាំសុង រួមទាំងការបូបលុយនៅខាងក្នុងផ្ទះដោយជនសង្ស័យនៅម្នាក់ឯងទើបឃើញឱកាសល្អលួចយកហើយព្យាយាមគេចខ្លួនភ្លាមនោះរូបគាត់មកឃើញទាន់ក៏ដេញចាប់ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិថៅកែពិតប្រាកដមែនដោយសារជីវភាពក្រីក្រគ្មានអ្នកចិញ្ចឹមកូនតូចៗចំនួន២នាក់រួមទាំងមានផ្ទៃពោះ៣ខែទៀត ។ ជនសង្ស័យបានបញ្ជាក់ថា រូបគាត់គ្មានប្តីនោះទេកូនទាំងនោះដោយសារតែចាញ់បោកប្រុសព្រាន ពេលមានកូនហើយក៏ទៅចោលបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ តែដោយសារការអាណិតជនសង្ស័យ ភាគីខាងជនរងគ្រោះមិនដាក់ពាក្យបណ្តឹងនោះទេ ហើយប្រគល់ឲ្យសមត្ថកិច្ចអប់រំលែងទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖