ភ្នំពេញ៖ ស្ត្រីម្នាក់ប្រកបរបរស៊ីឈ្នូលកត់កន្ទុយលេខឲ្យគេ (ឆ្នោតវៀតណាម) ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីស្ត្រីខាងលើប្រព្រឹត្តបទល្មើសជាក់ស្តែងកាលពីថ្ងៃ អង្គារ ១០ កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះគ្មានលេខផ្លូវ លំភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ស្ត្រីខាងលើឈ្មោះ កែវ សារ៉េត (ហៅកយ) អាយុ៤៣ឆ្នាំមុខរបរស៊ីឈ្នូលកត់ឆ្នោតវៀតណាមឲ្យគេ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)ហើយលោកអធិការរងបានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសុំគោលការណ៍ចុះបង្រាប។
លោកអធិការរងបន្តទៀតថា ក្នុងការចុះបង្ក្រាបនេះ ក៏មានការអនុញ្ញាតតាមរយះទូរស័ព្ទពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ជាក់ស្តែងឃាត់ខ្លួនបានស្ត្រីខាងលើ និងដកហូតលុយខ្មែរចំនួន១៣.៥០០០រៀល ម៉ាស៊ីនគិតលេខចំនួន១ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមចម្លើយសារភាពរបស់ស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា ខ្លួនគ្រាន់តែជាអ្នកកត់ស៊ីឈ្នួលឲ្យគេតែប៉ុណ្ណោះ ដោយគ្រាន់បានកម្រៃខ្លះ នៅពេលមានគេមកចាក់ បានហែកកន្ទុយដែលកាត់រួចទៅឲ្យគេ (អ្នកចាក់) ចំណែកគាត់(ស្ត្រីជាអ្នកកត់)យកទូរស័ព្ទដៃថតទុករួចបានផ្ញើឲ្យទៅមេធំបន្ត ។
បច្ចុប្បន្នស្ត្រីខាងលើរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា