ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មចម្រោះសំណល់ប្រេងឆា សង្ស័យគ្មានអនាម័យមួយកន្លែងត្រូវខាងអាជ្ញាធរចុះពិនិត្យ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងសិប្បកម្មចម្រោះសំណល់ប្រេងឆា សម្រាប់នាំចេញទៅក្រៅប្រទេសមួយកន្លង ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យដឹកនាំមន្រ្តីក្រោមឱវាទចុះទៅត្រួតពិនិត្យកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ការចុះទៅត្រួតពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានថា ទីនោះផលិតប្រេងឆាគ្មានស្តង់ដាត្រឹមត្រូវ និងគ្មានអនាម័យបង្កការប៉ះពាល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរនោះយ៉ាងខ្លាំង ។

ពេលចុះទៅដល់ទីនោះបានពិនិត្យឃើញថាទីនោះពិតជាគ្មានអនាម័យនោះឡើងកំពប់ប្រេងកខ្វក់នៅតាមផ្លូវជះក្លិនអាក្រក់ ហើយនៅក្នុងទីតាំងនោះកខ្វក់ខ្លាំងណាស់ មិនខុសពីអ្វីដែលប្រជាពលរដ្ឋរាយការណ៍នោះឡើយ ។ ម្យ៉ាងទៀតនេះគឺជាលើកទី២ហើយដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះទៅពិនិត្យទីតាំងមួយនេះ ដោយកាលពីអំឡុងឆ្នាំ២០១៧ បានចុះត្រួតពិនិត្យម្ដងរួចមកហើយ ។

លោកអភិបាលខណ្ឌបានបន្តទៀតថា ទីតាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុន្តែគ្មានអនាម័យ និងសង្ស័យផលិតមិនត្រឹមត្រូវតាមស្តង់ដាឡើយ ។ ពេលនេះអាជ្ញាធរបានអប់រំណែនាំឲ្យម្ចាស់ទីតាំងខាងលើកែលម្អរ និងធ្វើកិច្ចសន្យាធ្វើយ៉ាងណាឲ្យមានអនាម័យខ្ពស់ ចៀសវាងប៉ះពាល់ដល់បរិស្ថាន ហើយអាជ្ញាធរ និងធ្វើរបាយការណ៍មួយជូនថ្នាក់លើ និងរង់ចាំឲ្យខាងមន្រ្តីកាំកុងត្រូលចុះទៅពិនិត្យតាមបច្ចេកទេសជាក្រោយទៀត ហើយប្រសិនបើរកឃើញថាផលិតផលនេះមិនត្រឹមត្រូវតាមស្តង់ដា ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់បរិស្ថាននោះ ទីតាំងសិប្បកម្មនេះ និងត្រូវបិទចោលតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖