ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាត និងរបួសស្រាលភ្លាមនោះស្រាប់តែភាគីខាងម៉ូតូបង្កជាហិង្សាទៅលើម្ចាស់រថយន្តបណ្តាលឲ្យរងរបួសហើមមុខមាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរបុគ្គលិកពេទ្យកុមារជាតិ ស្នាក់នៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ អេង ម្លិះ ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W 3537 ធ្វើដំណើរចេញពីផ្ទះបំណងទៅកន្លែងធ្វើការ ដោយបើកបរតាមដងផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AF 3616 បើកបរដោយស្ត្រីម្នាក់ ពីក្រោយបណ្តាលឲ្យរងការខូចខាត និងរបួសស្រាល ភ្លាមនោះម្ចាស់ម៉ូតូបានវាយក្បាលរថយន្ត និងយកទូរស័ព្ទថតរថយន្តរបស់គាត់ទៀតផង ។
ជនរងគ្រោះបានបន្តថា ភ្លាមនោះរូបគាត់បានចុះពីលើរថយន្តដើម្បីសម្របសម្រួល ស្រាប់តែម្ចាស់ម៉ូតូស្ទុះមកវាយលើផ្ទៃមុខចំនួន៣ដៃធ្វើឲ្យហើមមុខមាត់ភ្លាមនោះ ក៏ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍ឃាត់ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនភាគីទាំងសងខាងទៅប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាប១ដើម្បីដោះស្រាយតាមច្បាប់ ។ ដោយសារតែភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចបញ្ជូនជនដៃដល់ទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមច្បាប់ ៕ សុខាសែនជ័យ