ព័ត៌មានទាន់ហេតុការណ៍៖

សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១០ ព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៨ សមត្ថកិច្ចថៃបានឃាត់ខ្លួនបុរសឈ្មោះ សម សេរី ប្រធានចលនា រណសិរ្សរំដោះជាតិខ្មែរដែលមានវត្តមាននៅក្នុងទឹកដីថៃ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាបង្ហើបឲ្យដឹង ។

មន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាបាន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងទាក់ទងទៅកាន់អាជ្ញាធរថៃដើម្បីនាំខ្លួនបុគ្គល សម សេរី មកកាន់រាជធានីភ្នំពេញ ។

នគរបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានទាក់ទងទៅអាជ្ញាធរសមត្ថកិច្ចថៃរួចហើយដើម្បីនាំខ្លួនលោក សម សេរី មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរ និងបក្ខ ពួកមកកម្ពុជា។ លោក សម សេរី ដែល តុលាការកម្ពុជាចេញដីកាស្វែងរកចាប់ខ្លួន ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា យើងបានទាក់ទងភាគីថៃរួចហើយដើម្បី នាំខ្លួនលោក សម សេរី និងបក្ខពួកមក កម្ពុជា។ ពេលវេលាប៉ុន្មានថ្ងៃដើម្បីនាំខ្លួនជនទាំងនេះពីថៃមកកម្ពុជាគឺអាស្រ័យលើភាគីថៃ។ តែយ៉ាងណាពួកនេះត្រូវជាប់គុកនៅថៃសិន ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្ត ថា លោក សម សេរី និងសមាជិកចលនា រណសិរ្សរំដោះជាតិខ្មែរចំនួន៥នាក់ត្រូវ បានតុលាការកម្ពុជាកាត់ទោសកំបាំងមុខកន្លងទៅ ហើយក៏មានដីកាតាមស្វែងរក ចាប់ខ្លួនផងដែរ ។

ក្រុមរណសិរ្សរំដោះជាតិដែលជាមុខ សញ្ញាតាមរកចាប់ខ្លួនរួមមាន ទី១-ឈ្មោះ ថាច់ បាន, ទី២-ឈ្មោះ អាន វិចិត្រ, ទី៣-ឈ្មោះ ផុន ប្រាក់ផាប, ទី៤-ឈ្មោះ វន វុធ។ អ្នកទាំង៤កំពុងរស់នៅប្រទេសថៃ, ទី៥-ឈ្មោះ សោម សុវណ្ណារ៉ា រស់នៅកាណាដា និង៦-ឈ្មោះ សម សេរី ប្រធានរណសិរ្ស រំដោះជាតិ ។

លោក សម សេរី ជាប្រធានចលនា រណសិរ្សរំដោះជាតិដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក។ លោកសម សេរី ក៏បានបង្កើតរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសផងដែរ ។

ឈ្មោះ សម សេរី ជាបក្ខពួកជាមួយនឹងចលនាក្បាលខ្លារបស់លោក សម ឯក ដែល ត្រូវបានតុលាការផ្តន្ទាទោសក្នុងរឿងបង្កើតកងកម្លាំងប្រដាប់អាវុធ ហើយមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ក្រុមនេះត្រូវបាន ចាប់ខ្លួន ហើយតុលាការផ្តន្ទាទោសដាក់ ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុន ។

តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨បានឲ្យ ដឹងថា «លោក សម សេរី បានផ្ញើសារអុីម៉េល មកកាន់អាស៊ីសេរីមុនការចាប់ខ្លួនថា សមត្ថ កិច្ចថៃបានឃាត់ខ្លួនលោកនៅពេលលោកកំពុងបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសថៃ។ មនុស្សជំនិតរបស់លោក សម សេរី ម្នាក់សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពបានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថាលោក សម សេរី ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅឃុំខ្លួននៅមន្ទីរឃុំឃាំងមួយកន្លែងនៅក្នុងទីក្រុងបាងកកហើយ» ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដឹក នាំដោយបុគ្គលឈ្មោះ សម សេរី ដែលមាន មូលដ្ឋាននៅប្រទេសដាណឺម៉ាកបានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវ បាសម្តេចតេជោដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹុង បំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើ បានសម្រេចនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖