ភ្នំពេញ ៖ ជាធម្មតាបើយើងនិយាយ ដោយរូបជាតិជាស្ត្រីដែលល្អលើសគេគឺស្រ្តី ដែលមានសម្រស់ល្អផូផង់ និងប្រកប ដោយបញ្ចពិធកល្យាណី។ បើនិយាយដោយ ធម៌ជាតិជាស្ត្រីដែលល្អលើសគេគឺស្ត្រី ដែលមានសីលមារយាទល្អគួរជាទីរាប់ អានរបស់អ្នកដទៃ ។
បុព្វបុរសខ្មែរមួយរូបដែលមាននាមថា ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បាននិយាយដោយ វោហារវិញថា ជាតិជាស្ត្រីដែលល្អលើសគេ ក្នុងលោកគឺស្ត្រីប្រពន្ធអ្នកដទៃនោះឯង ដោយបុព្វបុរសយើងបានលើកហេតុផល ថា ព្រោះស្ត្រីប្រពន្ធគេនោះមានទោសខុស២ផ្លូវ៖
ខុសទី១-បើបុរសណាទៅប្រព្រឹត្តកន្លងបវេណីលើប្រពន្ធអ្នកដទៃ គឺក្នុងលោកនេះគេសុទ្ធតែដឹងឮហើយថានឹងត្រូវគេចោទប្ដឹងរហូតដល់មានទោសជាប់គុកច្រវាក់ ។
ខុសទី២-ខុសខាងផ្លូវបរលោកដែល សាសនាព្រះពុទ្ធបានលើកឡើងថានឹងត្រូវ ទទួលបាបធ្លាក់ទៅរងទុក្ខវេទនាក្នុងអបាយភូមិទាំង៤មាននរកជាដើម។ ការណ៍ដែល យើងគ្រប់គ្នាបានដឹងហើយថា នឹងត្រូវមាន ទោសយ៉ាងនេះតែបុរសមួយចំនួននៅតែលួចលាក់រួមរ័កមេត្រីបៀតបៀនប្រពន្ធអ្នកដទៃទៀតដោយមិនខ្លាចរអា។ ដូច្នេះមាន ន័យថា ស្ត្រីដែលជាប្រពន្ធអ្នកដទៃនោះ ពិតជាល្អលើសគេលើលោកនេះជាក់ជាមិនខានបានជាបុរសទាំងនោះវៀរលែងពុំបាន។
ក្រឡេកមកមើលរឿងពិតជាក់ស្តែង មួយដែលត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាបកាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការពាក់ព័ន្ធករណីបុរសម្នាក់អាយុ ២៦ឆ្នាំត្រូវបានស្ត្រីម្នាក់អាយុ២៥ឆ្នាំប្តឹង ចោទប្រកាន់ថា បុរសខាងលើបានប្រព្រឹត្តអំពើគំរាមបង្ហោះរូបភាពវីដេអូរួមរ័ករបស់នាងក្នុងគោលដៅឈ្លានពានផ្លូវភេទ ។
តាមបណ្តឹងរបស់ស្ត្រីរងគ្រោះបាន បញ្ជាក់ថា រូបនាងមានប្តីរួចទៅហើយតែ ដោយការងារតម្រូវឲ្យរូបនាងត្រូវបានអង្គភាពចាត់ឲ្យផ្លាស់មកធ្វើការឆ្ងាយពីប្តី។ ក្រោយមករូបនាងក៏មានទំនាក់ទំនងផ្លូវភេទ ជាមួយនឹងបុរសម្នាក់ធ្វើការជាមួយគ្នាដែលបុរសនោះក៏មានប្រពន្ធរួចហើយដែរ។ មួយ រយៈក្រោយមករូបនាងដឹងខ្លួនថា ប្រព្រឹត្ត ខុសប្រពៃណីក៏សម្រេចចិត្តផ្តាច់ទំនាក់ទំនង ជាមួយជនសង្ស័យ តែដោយកន្លងទៅរូបនាងនិងជនសង្ស័យធ្លាប់បានថតរូបអាក្រាត និងវីដេអូរួមរ័កជាមួយគ្នាក្នុងទូរស័ព្ទដៃ ទើបធ្វើឲ្យជនសង្ស័យយកវីដេអូ និងរូប ភាពទាំងនោះមកគំរាមនាងឲ្យរួមភេទជា មួយគ្នាជាបន្តបន្ទាប់ ។
មួយខែចុងក្រោយនេះរូបនាងបានព្យាយាមគេចមិនជួបមុខនិងផ្តាច់ទំនាក់ទំនងផ្លូវភេទជាមួយជនសង្ស័យរហូតដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ជនសង្ស័យបានផ្ញើសារមកគំរាមបង្ខំឲ្យនាងត្រូវតែទៅ រួមភេទជាមួយរូបគេ បើមិនដូច្នោះទេរូបគេនឹងបង្ហោះរូបភាពវីដេអូរួមភេទរបស់នាង និងគេចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានណាត់នាងឲ្យទៅជួបក្នុងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨ជាកំហិតទើបនាង ប្តឹងមកសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយធ្វើអន្តរាគមន៍តែម្តង ។
តាមវិធានការជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យត្រូវបាន ឃាត់ខ្លួន និងបានសារភាពថា រូបគេពិតជា មានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីរង គ្រោះប្រាកដមែន ហើយថែមទាំងមានរូប ភាពអាក្រាត និងវីដេអូរួមរ័កជាមួយគ្នាក្នុង ទូរស័ព្ទដៃផងដែរ។ ដោយរូបគេមានចិត្តស្រឡាញ់ស្ត្រីរងគ្រោះខ្លាំងពេកមិនអាច បាត់មុខបាន ហើយនាងចេះតែឆ្លើយតបថា រវល់មិនព្រមមកជួបរូបខ្លួន ទើបខ្លួនសម្រេចចិត្តផ្ញើសារជាអក្សរនិងសំឡេងសុំនាងរួម រ័កដោយគំរាមថា បើនាងមិនព្រមមកទេ រូបខ្លួននឹងបង្ហោះរូបភាពវីដេអូរួមរ័កជាមួយគ្នាជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយមកនាងក៏យល់ព្រមនិងបានណាត់ខ្លួនឲ្យមកជួបក៏ត្រូវសមត្ថកិច្ចចាប់ ខ្លួនតែម្តង ។
ពាក់ព័ន្ធនឹងករណីនេះកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញសូមអំពាវនាវទុកជាមេរៀនសម្រាប់យុវវ័យសូមកុំប្រថុយ ប្រថានបំពានប្រពៃណី និងថតរូបអាក្រាត កាយរបស់ខ្លួនតាមគ្រប់មធ្យោបាយដែល អាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តី ថ្លៃថ្នូរផ្ទាល់ខ្លួនផង ក្រុមគ្រួសារផងក៏ដូចជាសង្គមជាតិផងដែរ។ សមត្ថកិច្ចក៏សូមអំពាវ នាវដល់មនុស្សគ្រប់រូបសូមគិតដល់បញ្ហា ច្បាប់ ទំនៀមទម្លាប់ប្រពៃណី សីលធម៌ និង បុណ្យបាប កុំមានចិត្តបំពារបំពាន ឬបៀត បៀនប្តីប្រពន្ធអ្នកដទៃជាហេតុបណ្តាលឲ្យមានទោសដល់ខ្លួន និងធ្វើឲ្យគ្រួសារគេ បែកបាក់បង្កើតជាការឈឺចាប់ដ៏សោកសៅ ក្នុងសង្គម ៕ ហេង នរិន្ទ្រ