ប៉ោយប៉ែត៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឃាតកម្មគិតទុកជាមុន កាលពីថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្ដាល ឃុំ ម៉ាឡៃ,ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបង្ហើបថា៖ ជនសង្ស័យ ១. ឈ្មោះគង់ ណាលីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២. ឈ្មោះ លន់ រតនះ ហៅក្រៅ ណាក់ ភេទ ប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីស្រាវជ្រាវអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះទៅដល់ចំណុចភូមិកណ្ដាល ឃុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យចាប់ខ្លួនជន សង្ស័យចំនួន ០២នាក់ ដោយចោទពីបទ ឃាតកម្មគិតទុកជាមុន និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅ ចំណុចលើកំណាត់ផ្លូវលំ ភ្នំ១០០ ចំងាយ៥០០ម៉ែត្រពីចុងស្រល់ផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ៉ែតខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យបានធ្វើសកម្មភាពទៅលើជនរងគ្រោះ ឈ្មោះឡាង សុចិត្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសត្រង់បំពង់ក (របួសធ្ងន់ ដោយស្នាមកាំបិត) ។
ក្រោយពីចាប់ខ្លួនជនសង្ស័យហើយនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃដដែល កម្លាំងអាវុធហត្ថ បានចុះរុករកវត្ថុតាងកាំបិតចិតបន្លែ តាមការចង្អុលបង្ហាញរបស់ជនសង្ស័យទាំងពីរ។
ក្នុងនោះចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកអឹមអេសអ៊ិច (MSX)ពណ៌ស ផលិតឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន ៥២៩៥២៥៥ គ្មានស្លាកលេខចំនួន០១គ្រឿង /កូនកាំបិតចិតបន្លែចុងស្រួចពណ៌សដងឈើចំនួន01ដើម ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសាកសួរជនសង្ស័យឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា មុខពេលកើតហេតុ ពួកគេ(ជនសង្ស័យទាំងពីរនាក់)បានល្បួងលួងជនរងគ្រោះឲ្យយកម៉ូតូដឹកពួកគេដើរលេង ដល់កន្លែងកើតហេតុ ឈ្មោះ រតនះ បានយកកូនកាំបិតអារក និងទាញទម្លាក់ពីលើម៉ូតូផ្ដួលទៅនឹងដីបន្ទាប់មកបានព្រួតគ្នាចាប់ដៃចាប់ជើងយកកាំបិតអារក បន្ថែមហើយជិះម៉ូតូជនរងគ្រោះគេចខ្លួន ទៅលាក់ខ្លួននៅស្រុកម៉ាឡៃ។
ក្រោយពីសាកសួរកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណា