ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទៃដីអាងស្តុកទឹកបឹងទំពុន,បឹងជើងឯកទំហំ៥២០ហិកតាបាត់ជិតអស់រកមូលហេតុអត់ឃើញ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីពាក់ព័ន្ធនានា រួមមានមន្ត្រីនៃមន្ទីរធនធានទឹករាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណងរាជធានីភ្នំពេញនិងមន្ត្រី មូលដ្ឋានខណ្ឌមានជ័យមួយចំនួនតូចបានខ្សឹបឲ្យដឹងថា ផ្ទៃដីអាងស្តុកទឹកដែលស្ថិតក្នុងអនុក្រឹត្យរាជរដ្ឋាភិបាលកំណត់យក ទំហំ ៥២០ ហិកតាធ្វើអាងស្តុកទឹក មុននឹងរាជរដ្ឋាបាលសម្រេចចេញស.ជ.ណ.ឲ្យ លុបលើផ្ទៃដីបឹងទំពុននិងបឹងជើងឯក ប្រមាណជិត៣ពាន់ហិកតានោះ បច្ចុប្បន្នត្រូវបានបាត់ផ្ទៃដីអាងស្តុកទឹកស្ទើរទាំងស្រុងទៅហើយ ដោយរកមូលហេតុមិនឃើញ គិតត្រឹមថ្ងៃ ទី២៩ ខែមេសាឆ្នាំ២០១៨នេះ ។

ជុំវិញបញ្ហានេះភ្នាក់ងារយកព័ត៌មាន ក្នុងស្រុក បានសួរទៅអ្នកនាំពាក្យសាលា រាជធានីភ្នំពេញ ហើយត្រូវបានលោកឆ្លើយ តបយ៉ាងខ្លីថា លោកទើបនឹងចូលកាន់ តំណែងថ្មីប៉ុណ្តោះ ដូច្នេះលោកមិនបានដឹងថាមានការបាត់បង់ផ្ទៃដីអាងស្តុកទឹកស្ថិត ក្នុងអនុក្រឹត្យរាជរដ្ឋាភិបាលដែលមានវិសាល ភាពធំធេងដល់ម្លឹងនោះឡើយហើយលោកនឹងបន្តស្រាវជ្រាវសួរនាំកិច្ចការងារនេះទៅ មន្ត្រីពាក់ព័ន្ធចំណុះឲ្យសាលារាជធានីភ្នំពេញទាំងមូលដើម្បី រាយការណ៍ជូនលោកអភិបាលរាជធានីភ្នំពេញ ហើយលោកនឹង សន្យាផ្តល់ព័ត៌មានមកឲ្យអ្នកកាសែតវិញ ប៉ុន្តែគិតតាំងពីថ្ងៃភ្នាក់ងារយកព័ត៌មានក្នុងស្រុកបានសួរអ្នកនាំពាក្យសាលារាជធានី ភ្នំពេញ រហូតមកដល់ថ្ងៃនេះគឺមានរយៈ ពេលជិតមួយខែហើយ គឺមិនមានការឆ្លើយតបថាផ្ទៃដីអាងស្តុកទឹកដែលបាត់បង់នោះ វាវិវឌ្ឍន៍ដល់ណាហើយ ។ ដោយឡែក មន្ត្រីថ្នាក់ក្រោមតូចតាច រាប់ពីថ្នាក់មន្ទីរ ដល់ថ្នាក់មូលដ្ឋាននៅតែបានបង្ហើបថាពិតជាមានការបាត់បង់ផ្ទៃដីអាងស្តុកទឹកមែន ប៉ុន្តែមន្ត្រីទាំងនោះមិនហ៊ាននិយាយ ចំឈ្មោះថា ដីដែលបាត់បង់នេះគឺកំពុងស្ថិតលើការកាន់កាប់របស់បុគ្គលណាច្បាស់លាស់នោះទេ តែមានការបង្ហើបថាកំពុងស្ថិតនៅក្នុងដៃអស់លោក លោកស្រី អ្នក មានបុណ្យស័ក្តិធំៗនិងឧកញ៉ាធំៗកំពុងតែរំលោភយកធ្វើជាកម្មសិទ្ធិកាន់កាប់បំពានលើអនុក្រឹត្យរាជរដ្ឋាភិបាល។ ជាមួយគ្នានោះមន្ត្រីនានាដែលបានដឹងរឿងនេះបានទទូចស្នើសុំឲ្យសាលារាជធានីភ្នំពេញ ធ្វើការគ្រប់គ្រងស្រូបផ្ទៃដីអាងស្តុកទឹកដែលបាត់បង់នេះយកមករក្សាទុកធ្វើជាអាង ស្តុកទឹកដដែលចំនួន៥២០ហិកតា ជៀសវាងថ្ងៃអនាគតទៅមានការជនលិច នៅ ជុំវិញតំបន់បឹងទំពុន ដូចជាតំបន់បឹង កេងកង បឹងព្រលិត បឹងត្របែក បឹងជើង ឯកជាដើម ។ ល។

ជាជាមួយគ្នានោះដែរលោកពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យធ្លាប់បានឆ្លើយ ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា លោកពុំបានដឹងអំពីមូលហេតុនៃការបាត់ បង់ផ្ទៃដីនេះច្បាស់លាស់ទេ លោកគ្រាន់តែបានដឹងថាកិច្ចការនេះគឺស្ថិតក្រោមរដ្ឋបាលរាជធានីភ្នំពេញជាអ្នកគ្រប់គ្រង ហើយ បច្ចុប្បន្នផ្ទៃដីអាងស្តុកទឹកនេះកំពុងស្ថិត ក្នុងសមត្ថកិច្ចខណ្ឌដង្កោ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នបើគ្មានបញ្ជាពីថ្នាក់ដឹកនាំឬក៏ថ្នាក់លើណាមួយច្បាស់លាស់ទេ ផ្ទៃដីអាងស្តុកទឹកដែលកំពុងបាត់បង់នេះប្រាកដជារលាយសាបសូន្យស្ទើរទាំងស្រុងមិនខាន។ ដោយឡែក លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ វិញបាននិយាយបដិសេធយ៉ាងច្បាស់លាស់ថាលោកមិនបានដឹងរឿងទាំងអស់នេះ ទាល់តែសោះហើយ​លោកក៏បាន​សួរថា តើអ្នកកាសែតបានព័ត៌មាននេះពីណាមក ? ហើយតែលោកក៏កំពុងធ្វើកិច្ចការងារស្រាវជ្រាវអំពីបញ្ហានេះឡើងវិញដែរ។

ដោយ​ឡែក​លោកពេជ្រ កែវមុនីបាន បង្ហើបយ៉ាងស្លូតថាលោកមិនច្បាស់ទេ ចំពោះកិច្ចការនេះ ហើយលោកក៏មិនដឹង ថាបច្ចុប្បន្នផែនទីនៃអាងស្តុកទឹកពិតប្រាកដ នោះស្ថិតនៅត្រង់ចំណុចណាដែរ ហើយលោកចូលរួមចង់ឲ្យមានការរក្សាផ្ទៃដីអាងស្តុកទឹកទុកនៅដើម្បីបម្រើផលប្រយោជន៍ សាធារណៈទៅថ្ងៃអនាគត ៕ ហេង សូរិយា


ចែករំលែក៖