ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះបណ្តែតទឹកជាច្រើនតាមដងទន្លេសាបបង្កផលប៉ះពាល់បរិស្ថាន និងស្ទះចរាចរណ៍ផ្លូវទឹក

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះបណ្តែតទឹកជាច្រើនខ្នង របស់ជនជាតិវៀតណាមដែលស្ថិតនៅតាម ដងទន្លេទន្លេសាប ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញកំពុងតែបង្ក ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹក និងបង្កឲ្យ ស្ទះចរាចរណ៍ផ្លូវទឹក។ ក្រៅពីនេះបានធ្វើឱ្យប៉ះពាល់ដល់មច្ឆជាតិនិងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សោភណភាពប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។

ផ្ទះបណ្តែតទឹកទាំងនោះមានចំនួនច្រើនគ្រួសារតែមិនដឹងចំនួនច្បាស់ទេកំពុងរស់នៅក្នុងនោះមានទាំងជនជាតិវៀតណាម ខ្មែរ និង ខ្មែរអ៊ិស្លាម ដោយខ្លះជាអ្នកនេសាទ ជាឈ្មួញទិញត្រី ជាកសិករស្រែចម្ការ។ ចំណែកខ្លះទៀតធ្វើអាជីវកម្មលើផ្ទះទឹកដូចជាជាងជួសជុលម៉ាស៊ីន ជាងក្រឡឹងជាង ធ្វើទូក កាណូត អាជីវករលក់ប្រេងឥន្ធនៈ និងចិញ្ចឹមត្រីជាដើម ។

ភាពជាក់ស្តែងនៃការរស់នៅលើផ្ទៃទឹក របស់ពួកគេគឺមិនបានយកចិត្តទុកដាក់លើបញ្ហាអនាម័យលើទឹកបន្តិចណាឡើយ។ ពួកគាត់បានបោះចោលសំរាម ថង់ប្លាស្ទិក កាកសំណល់ផ្ទះបាយ និងជាងនេះទៅទៀត គឺការបន្ទោបង់លាមកទម្លាក់ចូលទៅក្នុង ទឹករហូតអ្នកបរិភោគត្រីមួយចំនួនបាន និយាយថា លាមករាប់តោនកំពុងក្លាយជាចំណីត្រីក្នុងទន្លេសាប ។

ចំណែកឯជាងជួសជុលម៉ាស៊ីនវិញបានបង្ហូរប្រេងម៉ាស៊ីនចូលទៅក្នុងទឹកទន្លេតែម្តង ដែលទាំងអស់នេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននៃទឹកទន្លេសាប ។

ទាក់ទងទៅនឹងបញ្ហាផ្ទះជនជាតិវៀតណាមនេះដែរលោក សុខ សម្បត្តិ អភិបាល ខណ្ឌព្រែកព្នៅបានឲ្យដឹងថា មួយរយៈនេះលោកបានរាយការណ៍ទៅលោកអភិបាលរាជធានីភ្នំពេញ ហើយលោកអភិបាលរាជធានីភ្នំពេញលោកក៏បានឯកភាពដែរ។ ឥឡូវ ជាគោលការណ៍លោកបានឲ្យលោកអធិការក៏ដូចជាសង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើសម្រង់ស្ថិតិ។ លោកអភិបាលបានបន្ត ថា កន្លងទៅសមត្ថកិច្ចបានស្រង់ស្ថិតិម្តង រួចហើយ។ ឥឡូវកំពុងធ្វើបច្ចុប្បន្នភាព ដោយសហការជាមួយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍បានសហការជាមួយខណ្ឌដោយបានប្រជុំពិភាក្សាគ្នាជាច្រើនលើកផងដែរ។ ភាពមិនប្រក្រតីមិនស្របច្បាប់ ទាំងឡាយណាដែលកើតមាននៅតាមមូលដ្ឋានមិនមែនតែនៅក្នុងខណ្ឌព្រែកព្នៅនោះទេ ខាងអន្តោប្រវេសន៍កំពុងដុតដៃដុតជើងដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានតាំងពីខណ្ឌច្បារអំពៅ ឫស្សីកែវ និងខណ្ឌព្រែកព្នៅនេះ ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើបច្ចុប្បន្នភាពដើម្បីដឹងពីចំនួនជាក់លាក់។ កន្លងទៅកម្លាំងមូលដ្ឋានខណ្ឌព្រែកព្នៅបានចុះរុះផ្ទះចេញ បាន១៩គ្រួសារដែលមានសហគមន៍វៀត ណាម ខ្មែរអ៊ិស្លាម និងជនជាតិខ្មែរផងដែរដែលរស់នៅលើផ្ទៃទឹកដើម្បីសម្រួលចរា ចរណ៍ផ្លូវទឹកឲ្យកាន់តែល្អ ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាង ខ្លាំងពីការកើនឡើងជនអន្តោប្រវេសន៍ខុសច្បាប់ដែលភាគច្រើនជាពលរដ្ឋវៀតណាមមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាជាយូរឆ្នាំណាស់មកហើយ ៕ ហេង សូរិយា


ចែករំលែក៖