ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវជាតិលេខ៦២ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងដែល ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារបានរងការលិចលង់យ៉ាងដំណំដោយសារតែឥទ្ធិពលទឹកភ្លៀងដែលធ្លាក់ជាច្រើនម៉ោងនៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។
លោក សាយ ដេត អធិការនគរបាល ស្រុករវៀងបានថ្លែងឱ្យដឹងថា ទឹកភ្លៀងបានធ្លាក់ជាច្រើនម៉ោងតាំងពីវេលាទៀបភ្លឺថ្ងៃទី ៣០ ខែមេសា បណ្តាលឱ្យកំណាត់ផ្លូវជាតិ លេខ៦២នៅចំណុចភូមិខាងលើលិចលង់ តែអាចធ្វើចរាចរណ៍បានជាធម្មតា។ ជាមួយគ្នានេះផងដែរលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងក៏បានរងការលិចលង់ផងដែរ តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ ។
លោកអធិការបានបន្តថា រហូតមកដល់ពេលនេះទឹកបានស្រកអស់ហើយនៅលើផ្លូវជាតិ តែនៅក្រោមផ្ទះប្រជាពលរដ្ឋខ្លះ មិនទាន់ស្រកទេ ។
ចំពោះករណីនេះលោកអធិការក៏បានអំពាវនាវឲ្យអាណាព្យាបាលគ្រប់រូបត្រូវតែប្រុងយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ។ លើសពីនេះទៀតនោះលោកក៏បានណែនាំសមត្ថកិច្ចមូលដ្ឋានត្រូវតែត្រៀមលក្ខណៈជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ៕ ហេង នរិន្ទ្រ